ភ្នំពេញ៖ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានមានព្រះបន្ទូល អះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទើបតែរួបរួមគ្នាវិញកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ មិនមានបញ្ហាទំនាស់បែកបាក់ផ្ទៃក្នុងនោះទេ ហើយព្រះអង្គ អំពាវនាវ ឲ្យសម្តេចម្ចាស់ក្សត្រី នរោត្តម អរុណរស្មី និងលោក ញ៉ឹក ប៊ុនឆៃ ដែលជាអនុប្រធានគណបក្ស ជួយព្រះអង្គនៅក្នុងកិច្ចការសង្គមកិច្ច និងកសិកម្ម ដោយចុះទៅមើលផ្ទាល់ ចំពោះប្រជារាស្រ្ត ដែលមានការខ្វះខាត ជាពិសេស បញ្ហាធារាសាស្រ្ត។
នៅក្នុងឱកាស ជួបជុំ សហជីវិន សហជីវនី ជាង៣០០០នាក់ នៅពហុកីឡាដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានមានព្រះបន្ទូលអំពាវនាវ ឲ្យអនុប្រធានរបស់ព្រះអង្គទាំងពីរ ជួយកិច្ចការផ្នែកសង្គមកិច្ច និងធារាសាស្រ្ត ព្រមទាំង ឯកភាពគ្នាឲ្យមានការកែសម្រួលសមាសភាពថ្នាក់ដឹកនាំ ប្រយោជន៍ដើម្បីគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ឆ្ពោះទៅរកការគំាទ្រ ពីប្រជារាស្រ្តដែលធ្លាប់មានស្វាមីភ័ក្ត ចំពោះរាជានិយម ជាពិសេសគណបក្សហ្វ៊ុនស៊ិនប៉ិច។
សម្តេចក្រុមព្រះ បានមានព្រះបន្ទូលប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃអាទិត្យនេះផងដែរថា ព្រះអង្គបានបង្កើតរួចមកហើយ នូវសមាសភាពគណៈកម្មការចំពោះកិច្ច ដែលមានតំណាងរបស់ព្រះអង្គ និងអនុប្រធានទាំងពីរ សម្រាប់ដឹកនាំ ការងារកែសម្រួលល័ក្ខន្តិកៈ រចនាសម័្ពន្ធ និងសមាសភាព គណៈកម្មាធិការនាយក ដែលគណៈកម្មការចំពោះកិច្ចនេះ ដឹកនាំដោយលោក យូរ ហុកគ្រី និងលោក អ៊ឹង ទ៊ាសៀម ហើយខាងព្រះអង្គនិងមិនបង្គាប់បញ្ជាឲ្យគណៈកម្មការចំពោះកិច្ចនេះ មានលទ្ធភាពនៅក្នុងការរៀបចំកិច្ចការខាងលើកនេះ។
សម្តេចក្រុមព្រះបានមានព្រះបន្ទូលបញ្ជាក់ថា ព្រះអង្គនិងស្នើសុំឲ្យកែសម្រួលគណៈកម្មាធិការនាយក ដែលបច្ចុប្បន្ន នៅសល់២៥៣នាក់ មកត្រឹមតែ ២៧នាក់ប៉ុណ្ណោះ ដើម្បីមានប្រសិទ្ធិភាព ធ្វើជាជំនួយការសម្រាប់ព្រះអង្គដឹកនាំគណបក្ស។
ព្រះអង្គមានព្រះបន្ទូលថា កាលមុន គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច មានរហូតដល់ជាង៤០០នាក់ បន្ទាប់មកក៏បានកែសម្រួលមកនៅត្រឹម២៥៣នាក់ ក៏ប៉ុន្តែក្រោយហ្វ៊ុនស៊ិនប៉ិច រួបរួមគ្នាឡើងវិញ ព្រះអង្គក៏បានស្នើសុំឲ្យគណៈកម្មការចំពោះកិច្ច រៀបចំកែទម្រង់ដើម្បីបំព្រួញមកនៅត្រឹមតែ២៧នាក់នៅពេលខាងមុខ។
ព្រះអង្គមានព្រះបន្ទូលសូមឲ្យមតិជាតិ និងអន្តរជាតិ ជាពិសេសសហជីវិន សហជីវនី គណបក្សហ្វ៊ុនស៊ិនប៉ិច ទាំងអស់ ជ្រាបថា ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច មិនមានទំនាស់បែកបាក់ផ្ទៃក្នុងទេ និងអំពាវនាវឲ្យសហជីវិន សហជីវនី ទាំងអស់រួបរួមគ្នាជុំវិញប្រធាន និងថ្នាក់ដឹកនាំសម្រាប់ឈានឆ្ពោះទៅរក ការទាក់ទាញបាន នូវអ្នកគំាទ្រ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ នាពេលខាងមុខ៕