Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចំការម្រេច របស់ឧកញ៉ា ទ្រី ភាពប្រមូលផល, កៅស៊ូបើកមុខឆ្នាំក្រោយ (មានវីដេអូ)

$
0
0

ភ្នំពេញ ៖ បើទោះបីជាមានអង្គការ ក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិមួយចំនួន តែងតែរិះគន់ឈ្នានីសចំពោះការរកស៊ី ជំនួញជួញដូរ របស់លោកឧកញ៉ា ទ្រី ភាព យ៉ាងណាក៏ដោយក្តី ក៏ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នៅតែធ្វើសកម្មភាព ជាប្រក្រតី ដូចជា ការដាំដំណាំកសិ-ឧស្សាហកម្ម អគារកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស និងសណ្ឋាគារមួយចំនួនជា ដើម ។

ទន្ទឹមនឹងនេះផងដែរ ចំការម្រេចរាប់សិបហិកតា ដែលបានដាំដុះនៅលើតំបន់ព្រៃរិចរិល ក្រោយពីឈូសឆាយដែលរាជ រដ្ឋាភិបាលបានផ្តល់សម្បទានសេដ្ឋកិច្ចកន្លងទៅ បាន និងកំពុងប្រមូលផលហើយ នៅក្នុងខែកុម្ភៈនេះ ដែលចំការ ម្រេចនេះ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ក្រៅពីចំការម្រេចនេះ ចំការកៅស៊ូដែលបានដាំគ្របដណ្តប់ទៅលើ ផ្ទៃដីជិត ៩០០០ហិកតាផងដែរ គ្រោងនឹងជាបើកមុខជ័រកៅស៊ូ នៅពាក់កណ្តាលឆ្នាំ ២០១៦ ខណៈដែលផ្ទៃដី ១០ ភាគរយ គ្រោងនឹងបង្ហើយការដាំកៅស៊ូនៅពាក់កណ្តាលឆ្នាំ ២០១៥ នេះ ។

ក្រៅពីដំណាំខាងលើ ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានដាំដំណាំរួមផ្សំផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជា នៅលើផ្ទៃដីខាងលើ ដូចជា ល្ពៅ ឪឡឹក និងដំណាំមួយចំនួនទៀត ។

លោក ដែត សិលា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ប្រចាំចំការកៅស៊ូ និងម្រេច នៅស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា ឥឡូវនេះដំណាំម្រេចដែលទើបតែដាំបានជាង ១០ហិកតា កំពុងតែចាប់ផ្តើមប្រមូលផលជា លើកដំបូងបន្ទាប់ពីដំណាំនេះ បានដាំដុះអស់រយៈកាល២ឆ្នាំកន្លងមក ដែលមានអ្នកបច្ចេកទេសជាកូនខ្មែរ ចេញពី សាលាចំការដូង និងចេញពីមហាវិទ្យាល័យកសិកម្ម នៅប្រទេសអាល្លឺម៉ង់ ជប៉ុន...។

លោក ដែត សិលា ដែលធ្លាប់ទទួលការសិក្សាផ្នែករុក្ខកម្មនៅអាល្លឺម៉ង់ បានឲ្យដឹងថា ដំណាំម្រេចនេះបានទាមទារឲ្យ មានការថែទាំយកចិត្តទុក្ខដាក់ និងបច្ចេកទេសខ្ពស់ ហើយចាប់តាំងពីដាំដុះរហូតដល់ទាញផល ក្នុង១ហិកតាចំណាយ ដើមទុនអស់ ២ម៉ឺនដុល្លារ ប៉ុន្តែ វានឹងហុចផលបានច្រើនឆ្នាំ ។

កម្មកររាប់សិបនាក់ ដែលស្នាក់នៅក្នុងផ្ទះថ្ម ដែលធ្វើដោយក្រុមហ៊ុននៅជាប់ចំការម្រេច បានត្រៀមរួចជាស្រេចសម្រាប់ ការដើរបេះផល្លានុផលម្រេច ត្រៀមលក់ទៅក្រៅប្រទេស ដែលតាមការឲ្យដឹងរបស់លោក ដែត សិលា ថា ទីផ្សារអឺរ៉ុប កំពុងតែចាប់អារម្មណ៍ មកដល់ចំការម្រេចផ្ទាល់តែម្តង កាលពីពេលកន្លងមក ។

ដោយឡែកទាក់ទងដំណាំកៅស៊ូ លោក ដែត សិលា បានឲ្យដឹងថា ក្រុមហ៊ុនបានដាំដុះជាង ៩០ភាគរយហើយចាប់ តាំងពីឆ្នាំ ២០១១ ក្រោយពេលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច កាលពីចុងឆ្នាំ ២០១០ ។ តាមផែនការ គ្រោងទុក ក្រុមហ៊ុននឹងប្រើពេលវេលា ១០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្មខាងលើ ប៉ុន្តែ ជាក់ស្តែង ក្រុម ហ៊ុនចំណាយពេលវេលាត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ បានបញ្ចប់គម្រោងរបស់ខ្លួនទៅលើការដាំកៅស៊ូ ក៏ដូចជាម្រេច និង ដំណាំហូបផ្លែមួយចំនួនទៀត ដូចជា តាងែនជាដើម ។

លោក ដែត សិលា បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ ២០១៦ កៅស៊ូរាប់រយហិកតា ដែលបានដាំតាំងពីឆ្នាំ២០១១ នឹងចាប់ផ្តើមបើកមុខជៀជ័រជាលើកដំបូង ។ ឥឡូវក្នុងឆ្នាំនេះ ក្រុមហ៊ុនបានត្រៀមសាងសង់ផ្ទះសម្រាប់កម្មករជាបន្ត បន្ទាប់ ដែលតាមគម្រោង ៥០០០នាក់ ដែលត្រូវធ្វើការជាកម្មករនៅក្នុងចំការកៅស៊ូនេះ ។ ចំការកៅស៊ូដែលកំពុងដាំ ដុះ និងប្រមូលផលជាបណ្តើរៗចាប់ពាក់កណ្តាលឆ្នាំ ២០១៦នេះទៅ ក្រុមហ៊ុនបានចំណាយប្រាក់ ៥០០០ដុល្លារក្នុង ១ហិកតា ពីការឈូសឆាយរហូតដើមកៅស៊ូផ្តល់ផល ដូច្នេះក្រុមហ៊ុនបានវិនិយោគដាំកៅស៊ូ និងម្រេចលើផ្ទៃដីជិត ៩០០០ហិកតា កសាងហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាល ព្រមទាំងផ្ទះសម្រាប់កម្មករផង ចំណាយមិនតិច ជាង ៥០លានដុល្លារសហរដ្ឋអាម៉េរិកឡើយ ។

លោក ដែត សិលា បានបញ្ជាក់ថា តំបន់ចំការកៅស៊ូ និងម្រេចនៅស្រុករវៀង ខេត្តព្រះវិហារនេះ ក៏នឹងគ្រោងរៀបចំឲ្យ ទៅជាតំបន់បរិស្ថានសម្រាប់ការសិក្សាស្រាវជ្រាវ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំ អគារសម្រាប់រៀបចំបណ្ណាល័យ ក៏ដូចជាបំពាក់ឧបករណ៍ពិសោធន៍ ដើម្បីបម្រើដល់ការស្រាវជ្រាវផងដែរ ។ ក្រៅពី ដំណាំកៅស៊ូ និងម្រេចនេះ ក្រុមហ៊ុនក៏បានរៀបចំឲ្យមានតំបន់ទេសចរណ៍ ដែលគេសង្កេតឃើញមានប្រភព ទឹក ជម្រៅប្រហាក់ប្រហែល ៨ម៉ែត្រ បណ្តោយជាង ២០០០ម៉ែត្រ និងរៀបចំឲ្យមានទំនប់បង្ហៀរទឹក ។

និយាយអំពីការស្នាក់នៅរបស់កម្មករ ក្រុមហ៊ុនបាន និងកំពុងរៀបចំសង់ជាផ្ទះថ្ម ប្រក់ក្បឿងដែលមានទទឹង ៥ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ បន្ទប់ទឹក រានហាល ក៏ដូចជាសល់ដីសម្រាប់កម្មករដាំដំណាំរួមផ្សំរបស់គេ ។ ក្រៅពីនោះក្រុមហ៊ុន ក៏បានតបណ្តាញអគ្គិសនីរៀបចំទឹក ភ្លើង ដោយផ្តល់ឲ្យកម្មករទាំងនោះដោយមិនគិតថ្លៃ បូកផ្សំនឹងប្រាក់តម្លៃ ពលកម្ម មិនចាញ់ពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃនោះឡើយ លើផ្នែកសិ-ឧស្សាហកម្មដូចគ្នា ។

លោក ដែត សិលា ក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏កំពុងតែរៀបចំសាងសង់មណ្ឌលសុខភាព ស្ថិតនៅទល់មុខ បរិវេណក្រុមហ៊ុន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នរដ្ឋ ដើម្បីរៀបចំឲ្យមានក្រុមគ្រូពេទ្យ សម្ភារៈពេទ្យសម្រាប់ព្យាបាលថែទាំសុខភាពដល់កម្មករ ខណៈដែលពួកគេបានបង់របបសន្តិសុខសង្គមតាមច្បាប់របស់ក្រសួងការ ងាររួចជាស្រេចទៅហើយ ។

នៅក្នុងបរិវេណក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព គេក៏បានសង្កេតឃើញអគាររដ្ឋបាល អគារស្នាក់នៅរបស់បុគ្គលិក របស់ក្រុមហ៊ុន ក៏ដូចជាបន្ទប់ប្រណីតៗសម្រាប់ទទួលភ្ញៀវ ដែលខ្លះបានសាងសង់រួចជាស្រេច ខ្លះកំពុងតែសាងសង់ និងខ្លះទៀត បាន ៨០ភាគរយ ។ អគារទាំងនោះបានរំលេចក្បូរក្បាច់រចនាតាមលំនាំខ្មែរ ដែលក្បាច់ទាំងអស់នោះធ្វើ ឡើងពីឈើនៅតំបន់នេះតែម្តង ដែលក្រុមហ៊ុនបានកាត់ទុកយកមកសាងសង់ ដែលឈើទាំងអស់នេះនៅសល់ពីការ ដេញថ្លៃព្រៃគុកកន្លងទៅ ។ ឈើនេះ មិនមែនជាឈើប្រណីតដែលមានតម្លៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែ ក៏ជាឈើប្រភេទ ធ្នង់ដែលត្រូវបានបង់ពន្ធជូនរដ្ឋរួចស្រេចផងដែរ ។

អ្នកទេសចរណ៍ អ្នកចង់ស្រាវជ្រាវ ក៏ដូចជាអ្នកធ្លាប់រិះគន់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព អាចនឹងធ្វើដំណើរមកទស្សនាស្វែង យល់បានគ្រប់ពេល ដោយមិនចាំបាច់លួចថត ឬលួចតាមដានអង្កេតនោះទេ ។ ក្រុមហ៊ុននេះបានស្ថិតនៅចំពាក់ កណ្តាលទីតាំងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្ថិតនៅខាងស្តាំដៃ ពេលធ្វើដំណើរពីកំពង់ធំ ដែលគេអាចឃើញក្រៅពី អគាររដ្ឋបាល ភោជនីយដ្ឋាន ស្ថានីយចាក់សាំង និងការរត់ខ្វាត់ខ្វែងនៃបង្គោលភ្លើងអគ្គិសនី ព្រមទាំងផ្លូវក្រាលកៅស៊ូ ចូលទៅក្នុងតំបន់ចំការទាំងមូល ។

ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បច្ចុប្បន្នកំពុងសាងសង់អគារកម្ពស់ ១៦ជាន់ ស្ថិតនៅអតីតទីតាំងតុលាការកំពូល ក្នុងតំបន់ បឹងកេងកង ខណ្ឌចំការមន សារមន្ទីរឈើតម្លៃជាង ១០លានដុល្លារ នៅខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រុកអង្គស្នួល សណ្ឋាគារធ្វើពីឈើ១០០ភាគរយ លើផ្ទៃដីជាច្រើនហិកតា នៅខេត្តកែប សំណង់អគារកាស៊ីណូ និង តំបន់សេដ្ឋកិច្ចពិសេសនៅអូយ៉ាដាវ ខេត្តរតនគិរី សំណង់អគារកាស៊ីណូ នៅអានសេះ ខេត្តព្រះវិហារ សំណង់អគារ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេសនៅថ្មដា ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តពោធិ៍សាត់ ចំការកៅស៊ូម្រេច ជិត ៤០០០ហិកតា នៅភូមិថ្មដា និងចំការកៅស៊ូ ម្រេច នៅស្រុករវៀង ខេត្តព្រះវិហារ ព្រមទាំងក្រុមហ៊ុនទទួលដេញថ្លៃ គម្រោងសាងសង់ផ្លូវ ថ្នល់ និងអគារខ្ពស់ៗ ដូចជា ខុនដូ សណ្ឋាគារ ក្រុមហ៊ុនក៏មានទីតាំងស្តុកឈើ ដែលក្រុមហ៊ុនបានប្រមូលទិញ ពីក្រុមហ៊ុនព្រៃសម្បទាន ព្រមទាំងដេញថ្លៃបានពីរដ្ឋបាលព្រៃឈើ ដែលមានទីតាំង នៅផ្លូវលេខ ៥១ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងរោងសិប្បកម្មខ្នាតធំ កែច្នៃគ្រឿងសង្ហាររឹមនៅខាងក្រោយសារមន្ទីរឈើ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>