ភ្នំពេញៈ ក្រោយពីចប់ ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រួចមក នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ គណៈកម្មការ ផ្សារកណ្តាល បានបាញ់ទឹកលាងសំអាត ក្នុងបរិវេណផ្សារ និងរៀបចំ កន្លែងដេប៉ូដាក់សំរាមថ្មី ដើម្បីកុំឲ្យជះក្លិនអាក្រក់ និងក្លិនស្អុយ ដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលចូលមកទិញទំនិញ នៅក្នុងផ្សារ។
ប្រធានគណៈកម្មការផ្សារកណ្តាល លោក ចាប ឌីណា បានថ្លែងឲ្យដឹងថា ដើម្បីបង្កើនភាពអនាម័យ បរិស្ថានស្អាត និងដើម្បីសុខមាភាព ដល់បងប្អូនអាជីវករនៅផ្សារកណ្តាល ក្រោយពីបុណ្យចូលឆ្នាំចិន-វៀតណាម រួចមក នៅរសៀលថ្ងៃនេះ លោកបានដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងសណ្តាប់ធ្នាប់ដុះសំអាតផ្សារ និងរៀបចំធ្វើ ដេប៉ូសំរាមថ្មីមួយទៀត ដើម្បីបញ្ចៀស ពីការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរដេប៉ូ សំរាម ក៏ដូចជាក្រុមអាជីវករផងដែរ។
លោកចាប ឌីណា បានថ្លែងឲ្យដឹងទៀតថា ដោយមានការណែនាំពីអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌដូនពេញ លើការជំរុញចលនាទីក្រុងស្អាត ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវនោះ លោកដែលជា ប្រធានផ្សារ បានចាត់ចែងការងារ ដុះលាងសំអាតនៅក្នុងផ្សារ ជាប្រចាំឲ្យមានក្លិនស្អុយ និងបិរស្ថានអាប់អួរនោះឡើយ។
ប្រធានផ្សារកណ្តាលក៏សូមអំពាវនាវឲ្យក្រុមអាជីវករទាំងអស់ដែលរកស៊ីនៅក្នុងផ្សារ ត្រូវចូលរួម ទាំងអស់គ្នា លើការទុកដាក់សំរាម ក៏ដូចជាចូលរួមជួតសំអាត ដើម្បីសុខភាព និងអនាម័យទាំងអស់គ្នា។ បើតាមប្រធានផ្សារកណ្តាល បាននិយាយថា ចំពោះការងារនេះ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន តែងតែចុះមកពិនិត្យមើលជាប្រចាំ និងណែនាំឲ្យយកចិត្តទុកដាក់ លើការងារទាំងនេះជៀសវាងបង្កើតបញ្ហា នាំឲ្យមានការរិះគន់ និងមិនពេញចិត្ត ពីសំណាក់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារនោះ៕