ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍បឹងកក់ ដែលបាននាំមកនូវ ការតវ៉ា និងរិះគន់យ៉ាងច្រើនពីសាធារណៈមតិក្នុងរាជធា នី និងអ្នកស្រឡាញ់បរិស្ថានមួយចំនួនកាលពីអតីតកាលនោះ ពេលបច្ចុប្បន្នគម្រោងអភិវឌ្ឍន៍នេះ កំពុងប្រមូល បាននូវការចាប់អារម្មណ៍ និងសាទរមួយចំនួនមកវិញហើយ បន្ទាប់ពីបានចូលរួមចំណែកសម្រួលការធ្វើដំណើរ របស់អ្នករាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍តាមបណ្តាផ្លូវជុំវិញតំបន់បឹងកក់។
ផ្ទៃបឹងកក់១៣៣ហិកតា ដែលជាតំបន់រម្មណីយដ្ឋានកម្សាន្តអារម្មណ៍សប្បាយនាពេលរាត្រី ត្រូវបានរាជរដ្ឋាភិបា លកម្ពុជា ជួលឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន រយៈពេល ៧០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ជាមជ្ឈ មណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារស្នាក់នៅ និងមណ្ឌលកម្សាន្តនានាកាលពីឆ្នាំ២០០៧ ក្នុងតម្លៃ ៧៩លាន ដុល្លារអាម៉េរិក។ គម្រោងអភិវឌ្ឍន៍ ដោយការបូមខ្សាច់ចាក់បំពេញផ្ទៃទឹកបឹង ដ៏ធំក្នុងរាជធានីភ្នំពេញមួយនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋតាំងទីលំនៅតំបន់នោះ ជាច្រើនពាន់គ្រួសារ។
ផលប៉ះពាល់ត្រូវបានក្រុមហ៊ុនធ្វើការដោះស្រាយជាបន្តបន្ទាប់ ដែលរហូតដល់បច្ចុប្បន្ននៅមានគ្រួសារតិចតួច ប៉ុណ្ណោះកំពុងមានវិវាទ។ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ក៏កំពុងរួមគ្នាដោះស្រាយបញ្ហានេះ ដែលគេរំពឹង ថា អាចនឹងឈានដល់ការបញ្ចប់វិវាទទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
គម្រោងអភិវឌ្ឍន៍លើផ្ទៃបឹងដ៏ល្វឹងល្វើយ ក្រៅពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមានទីលំនៅទីនោះហើយ នៅ មានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថានមួយចំនួន ក៏បានសម្តែងការ រិះគន់ខ្លាំងក្លាផងដែរ ទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ ពួកគេបានឡើងថា ការអភិវឌ្ឍន៍ មិនត្រឹមតែ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់លំនៅដ្ឋាននោះទេ វាថែមទាំងធ្វើឲ្យរាជធានីភ្នំពេញបាត់នូវអាងស្តុកទឹក និងជម្លៀស ទឹកក្នុងរាជធានីភ្នំពេញ ដ៏សំខាន់មួយផងដែរ។
ទោះបីទំហំ នៃការរិះគន់ និងការតវ៉ាត្រូវបានផ្ទុះឡើងប្រៀបបន្ទុះភ្នំភ្លើងយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែល ដឹកនាំដោយនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន និងក្រុមហ៊ុន នៅតែបន្តជម្នះបូមខ្សាច់ចាក់បំពេញបឹង និង ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់តាមចក្ខុវិស័យ ដែលបានគិតគូររួចជាស្រេចនោះ ក្នុង បំណងធ្វើការកែប្រែសម្រស់រាជធានីភ្នំពេញឲ្យរឹងរិតតែស្រស់បំព្រង ជាពិសេសនាំមកនូវការអភិវឌ្ឍន៍បំពេញសេ ចក្តីត្រូវការដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្មែរ។
បន្តិចម្តងៗចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ពេលបច្ចុប្បន្នត្បិតក្រុមហ៊ុនមិនទាន់បានធ្វើការអភិវឌ្ឍន៍ឲ្យបានដូច ការគ្រោងទុកយ៉ាងណាក្តី តែក្រុមហ៊ុនបានសាងសង់ផ្លូវចំនួនពីរខ្សែធំៗ, រៀបចំប្រព័ន្ធលូ និងរៀបចំបណ្តាញអគ្គិ សនីសម្រាប់បំភ្លឺផ្លូវផងដែរ។ តាមការគ្រោងទុកប្រព័ន្ធលូ និងបណ្តាញអគ្គិសនីសម្រាប់បំភ្លឺផ្លូវអាចនឹងបញ្ចប់នា ចុងឆ្នាំ២០១៥។ ក្រៅពីសមិទ្ធផល ដែលរំលេចវត្តមាននាពេលបច្ចុប្បន្ន ក្រុមហ៊ុន ក៏បាននិងកំពុងគិតគូរសាង សង់ផ្លូវជាច្រើនខ្សែផ្សេងទៀត សម្រាប់សម្រួលការធ្វើចរាចរណ៍នៅតំបន់បឹងកក់។
សមិទ្ធផល នៃការអភិវឌ្ឍន៍តំបន់បឹងកក់បច្ចុប្បន្ន មិនទាន់សម្រេចតាមគម្រោង និងមិនទាន់រំលេចចេញសំណង់ អគារខ្ពស់ទាបតូចធំ ដែលអាចទាក់ទាញពីសាធារណជនយ៉ាងណាក្តី តែសមិទ្ធផលរំលេចឡើង ដ៏តិចតួចនេះ ក៏ កំពុងធ្វើឲ្យអ្នករាជធានីភ្នំពេញជាច្រើន ចាប់ផ្តើមសំឡឹងឃើញពីតម្លៃ នៃការអភិវឌ្ឍន៍ជាបណ្តើរៗហើយ។
នៅមុនការអភិវឌ្ឍន៍តំបន់បឹងកក់ អ្នករាជធានីភ្នំពេញ ដែលធ្វើដំណើរពីតំបន់ទួលគោកឆ្ពោះទៅមហាវិថីព្រះមុនី វង្ស និង សហព័ន្ធរុស្ស៊ី ត្រូវចំណាយពេល និងធ្វើដំណើរវាងរាប់រយម៉ែត្រ ហើយប្រសិនបើចំពេលវេលាកកកុញ ដោយអ្នកដំណើរលើដងវិថីទៀតនោះ គេត្រូវចំណាយពេលជាច្រើនម៉ោង ដើម្បីឆ្លងកាត់ផ្លូវទំនប់ទួលគោក និង បណ្តាផ្លូវមួយចំនួនទៀត។
បច្ចុប្បន្នផ្លូវចំនួនពីរខ្សែ ដែលជាសមិទ្ធផលជំហ៊ានដំបូងកើតចេញពីការអភិវឌ្ឍន៍កាត់ចំកណ្តាលផ្ទៃបឹង ដោយ១ ខ្សែភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវទំនប់ទួលគោក និង១ខ្សែទៀតភ្ជាប់ពីមហាវិថីព្រះមុនីវង្សក្បែរស្ថានីយ៍រថភ្លើង ទៅកាន់ផ្លូវវត្តនាគវ័ន្ត បាននឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សម្រួលការកកស្ទះ និង ការធ្វើចរាចរណ៍ក្នុង រាជធានីភ្នំពេញ ពីទិសខាងលិចត្បូងរាជធានីភ្នំពេញ មានខណ្ឌដូនពេញ ៧មករា ជាដើម ឆ្ពោះទៅខណ្ឌទួល គោក សែនសុខ និងព្រែកព្នៅជាដើមនោះ។
មើលត្រឹមតែផ្លូវពីរខ្សែនេះ វាបាននិងកំពុងនាំមកនូវប្រយោជន៍មួយចំនួនទៅហើយ សម្រាប់អ្នករាជធានីភ្នំពេញ ក្នុងការធ្វើដំណើរ ពោលចំណាយពេលកាន់តែតិច ហើយក៏ចៀសផុតពីការកកស្ទះចរាចរណ៍ ដែលនាំឲ្យរាំងស្ទះ ការងារផ្សេងៗជាដើមនោះ។ ប្រយោជន៍កើតចេញពីផ្លូវពីរខ្សែនេះ មិនបានប្រកាន់និន្នាការនោះឡើយ អ្នករាជធា នីភ្នំពេញទាំងអស់ ទាំងអ្នករិះគន់ អ្នកគាំទ្រ សុទ្ធតែបានធ្វើដំណើរឆ្លងកាត់បានដូចគ្នាជាមួយអារម្មណ៍រីករាយ ថែមទៀតផង។ មានប្រជាពលរដ្ឋជាច្រើននាក់ ដែលបានជួបសាកសួរ ពួកគេស្ទើរតែភ្លេចអស់ទៅហើយសម្រែក តវ៉ាពីអតីតកាល ហើយក៏បែរមកក្រលេកមើលពីការអភិវឌ្ឍន៍ ហើយថែមទាំងភ្លាត់សំឡេងសរសើរការគិតដ៏ត្រឹម ត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ប្រយោជន៍កើតចេញពីគម្រោងអភិវឌ្ឍន៍ផ្ទៃបឹងដ៏ចម្រូងចម្រាស់មួយនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជូនកាន់តែ ច្រើនថែមទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសង្គមកម្ពុជា ដែលធ្លាប់តែខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមជាច្រើនទស វត្សរ៍មកនោះ បន្ទាប់ពីគម្រោងត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ។
ឆ្លងតាមពិសោធន៍នៃគម្រោងអភិវឌ្ឍន៍មួយនេះ បានបង្ហាញថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍន៍ណាមួយ គឺសុទ្ធតែបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីទាញប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ តែប្រសិន បើគ្រប់គម្រោងអភិវឌ្ឍន៍អាចកាត់បន្ថយផលប៉ះពាល់ និងដំណក់ភ្នែក បានកាន់តែច្រើន វាកាន់តែប្រសើរ។ ប្រជាពលរដ្ឋខ្មែរក៏ដូចគ្នា គួរតែនាំគ្នាប្រើបញ្ញាញានត្រិះរិះពិចារណាឲ្យបានល្អិតល្អន់បំផុតមុននឹងសម្រេចចិត្តថា ត្រូវរិះគន់ ឬទទួលយក ចំពោះគម្រោងអភិវឌ្ឍន៍ណាមួយរបស់រាជរដ្ឋាភិបាល ត្បិតការអភិវឌ្ឍន៍តែងភ្ជាប់នូវផល ប៉ះពាល់មិនអាចចៀសបាន តែគួរសម្លឹងមើលតុល្យ នៃភាពខាត និង ចំណេញ ដើម្បីនាំមកនូវភាពរីកចម្រើន សម្រាប់សង្គមកម្ពុជាទាំងអស់គ្នា៕