កំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថ ក្រោមបញ្ជាផ្ទាល់ ពីមេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ជូន ជឿន បានចេញប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង មានបៀ និងប៊ូល មួយករណី ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធី ។
លោក លឹម ហាក់ នាយការិយាល័យ ព្រហ្មទណ្ឌនៃទីបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ដឹកនាំដោយលោកវរសេនីយ៍ត្រី និល ប៊ុនធឿន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាយ ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ សេពគ្រឿងញៀន និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ស្ថិតក្នុងភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយដកហូតវត្ថុតាងមានសម្ភារ ជក់គ្រឿងញៀនចំនួន០២សម្រាប់ ដែកកេះចំនួន០១ គឺធ្វើឡើងបន្ទាប់ពីអាណាព្យាបាល បានធ្វើការរាយការណ៍សុំអន្តរាគមន៍។
ដោយឡែកករណីទី២ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការលេខ៥០០ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី រស់ វុទ្ធា នៅវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ រី វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ពីបទប្រើប្រាស់ និង ចែកចាយគ្រឿងញៀន នៅចំណុចខាងមុខ រោងចក្រស្រាបៀរភ្នំពេញ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជនសង្ស័យឈ្មោះ រី វ៉ាន់ មានទីលំនៅភូមិបឹង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ វត្ថុតាងរឹបអូសបានមាន ម៉ាទឹកកក១កញ្ចប់តូច ទូរស័ព្ទ១គ្រឿង ប្រាក់៤ម៉ឹន៦ពាន់រៀល និងម៉ូតូ០១គ្រឿង ។ ជនសង្ស័យទាំងពីរករណីខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធីនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ នេះ ។
ដោយឡែកការបង្ក្រាប ទៅលើល្បែងស៊ីសង បៀ និង ប៊ូល កាលពីវេលាម៉ោង ៥ និង១០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមានទីតាំងក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនមនុស្សចំនួន០៣នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយធ្វើការជំរះ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សម្រេចព្យួរដាក់ឲ្យនៅក្រៅឃុំ ដោយយុវជនទី១ជាប់ទោស ០១ឆ្នាំ និង០២នាក់ទៀត ជាប់ទោស៧ថ្ងៃ សម្ភារដកហូតបានមានប៊ូល ចំនួន០២ សម្រាប់ និងបៀ១ហ៊ូ លុយចំនួន៩ម៉ឺន១ពាន់រៀល ៕