Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រាជរដ្ឋាភិបាល កំពុងស្រាវជ្រាវ វែកមុខរកមេខ្លោង នៅពីក្រោយខ្នង ការចាប់ដី ដោយខុសច្បាប់ នៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីមានវិធានការ រដ្ឋបាលទប់ស្កាត់ សំណង់ខុសច្បាប់ ចំនួន២៤ខ្នងផ្ទះ នៅ លើដី បុរីវប្បធម៌ និង ទេសចរណ៍ អង្គរកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥រួចមក នៅពេលនេះ មានលេចឮ ព័ត៌មាន ពីមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល បានបង្ហើបឲ្យដឹងថា ប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅ ក្រុមការងារ ពិសេសមួយ ដើម្បីវែក មុខរកមេខ្លោង នៅពីក្រោយខ្នងការ បំផុសឲ្យមានការចាប់ និងការកាន់កាប់ដី ដោយខុសច្បាប់ ដើម្បីកសាងសំណុំរឿង ផ្តន្ទាទោសតាមច្បាប់។

ប្រភពដដែលបានឲ្យដឹងថា នៅពេលនេះ ក្រុមការងារ ពិសេសបានដឹង និងកំណត់មុខសញ្ញា បានមួយចំនួនហើយ ពាក់ព័ន្ធ នឹងករណីល្មើសច្បាប់នេះ ដែលអ្នកទាំងនោះ ជាមន្ត្រីខិលខូចមួយចំនួន នៅក្នុងខេត្តសៀមរាប ឃុបឃិត ជាឈ្មួញទិញលក់ដីធ្លី  ដោយអាងខ្នង មន្ត្រីមានអំណាច នៅខេត្តសៀមរាប នោះតែម្តង។

 គេនៅរង់ចាំមើល តើវិធានការ បន្ទាប់ទៀត រាជរដ្ឋាភិបាល នឹងបង្ហាញ មុខមន្ត្រីខិលខូច ក្នុងសកម្មភាព កាន់កាប់ដីធ្លី និងការសាងសង់ សំណង់ខុសច្បាប់ នៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិ អប្សរាប៉ុន្មាននាក់ ហើយមន្ត្រី ខិលខូចទាំងនោះ ដែលកំពុងឃុបឃិត ជាមួយក្រុមឈ្មួញដីធ្លី ប្រឈមមុខ នឹងការត្រូវផ្តន្ទាទោសកំរិតណា? សូមរំលឹកថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា បុរីវប្បធម៌ និងទេសចរណ៍អង្គរ ត្រូវបានបង្កើតឡើងដោយ អនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៤ និងអនុក្រឹត្យលេខ ៩៣ អនក្រ. បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៩៩ ដែលអនុក្រឹត្យ នេះបានចែងថា « រាល់ការប្រើប្រាស់ ការប្រកាន់យកកម្មសិទ្ធិ ព្រមទាំងការផ្ទេរ កម្មសិទ្ធិដីធ្លីទាំងអស់ នៅក្នុងតំបន់នេះ ក្រោយពីអនុក្រឹត្យចូលជាធរមាន មិនអាច ទទួលស្គាល់ថា ត្រឹមត្រូវតាមច្បាប់បានឡើយ»។ 

អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា សំណង់ខុសច្បាប់ ដែលត្រូវបានទប់ស្កាត់ចំនួន២៤ ខ្នងផ្ទះ សុទ្ធតែជាសំណង់ទើបសាងសង់ថ្មី ដែលមានទីតាំង ស្ថិតនៅលើចំណុច ដែលអាជ្ញាធរជាតិ អប្សរាបាន ដោះស្រាយតាម គោលនយោបាយរួចរាល់ ហើយមិនអនុវត្តជាទូទៅ គ្រប់សំណង់ដែលមានក្នុងបុរីវប្បធម៌ និងទេសចរណ៍ អង្គរឡើយ។

ម៉្យាងវិញទៀត នៅពេលចុះអនុវត្តវិធានការ រដ្ឋបាលកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ មានម្ចាស់សំណង់មួយចំនួន បានសារភាពថា ការពិតពួកគាត់គ្រាន់តែ ជាអ្នកចាំយាមដីឲ្យគេ ប៉ុណ្ណោះ ហើយក៏មានអ្នកខ្លះទទួលស្គាល់ថា ពួកគាត់ពិតជា បានសាងសង់សំណង់ខុសច្បាប់ លើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរមែន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>