កំពង់ចាម ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម លោក ងួន វុទ្ធី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានចេញដីកា ឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជា បណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ «ហិង្សាដោយចេតនា» ដែលប្រព្រឹត្តទៅនៅ ភូមិអូរកាប់មាន់ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
យោងតាមដីកាបង្គាប់ឲ្យ ឃុំខ្លួនរបស់លោកចៅក្រម ងួន វុទី្ធ បានឲ្យដឹងថា ជនត្រូវចោទ ឈ្មោះ គ្រៀល សារុន អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិខ្ទួយ ឃុំអូរម្លូរ បានប្រព្រឹត្តអំពើ «ហិង្សាដោយចេតនា» នៅភូមិអូរកាប់មាន់ ឃុំអូរម្លូរ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ។
អធិការនគរបាល ស្រុកស្ទឹងត្រង់ លោក ជា ធិរិទ្ធ បានឲ្យ ដឹងថា នៅថ្ងៃកើតហេតុនោះ ជនបង្កបានផឹកស៊ី ជាមួយមិត្តភក្តិ ស្រាប់តែគងពាក្យសំដី ជាមួយគ្នា ស្រាប់តែជនបង្កបានវាយ ជនរងគ្រោះ បណ្តាលឲ្យរងរបួស ។
លោកអធិការ បានបន្តទៀតថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលរបស់លោក បានចុះទៅ ជួយអន្ត រាគមន៍ ហើយធ្វើការឃាត់ខ្លួនបានភ្លាមៗ យកមកសួរនាំ រួចបានកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ រហូតចៅក្រមចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ យ៉ាងដូច្នេះ។
អធិការនគរបាល ស្រុកស្ទឹងត្រង់ បានសង្កត់ធ្ងន់ថា ដោយមានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្ត លើការ ពង្រឹង ផ្លូវច្បាប់នោះ រាល់បទល្មើស ដែលកើត មានឡើង នៅតាមមូលដ្ឋាន ទោះគ្រប់រូបភាពណាក៏ដោយ ត្រូវចាប់ខ្លួន ជនបង្កឲ្យបាន យកទៅ ផ្តន្ទាទោសតាមផ្លូវច្បាប់ ពោលមិនអាចធ្វើការ សម្របសម្រួល ក្រៅប្រព័ន្ធ តុលាការ បានឡើយ ហើយមិនត្រូវឲ្យជនបង្ករួចខ្លួននោះទេ៕