ភ្នំពេញ៖ ដោយមានការណែនាំ ជាប្រចាំពី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទី ក្រុងក្វាងចូវ បានសហការជាមួយ អាជ្ញាធរចិន ជួយសង្គ្រោះស្រ្តីខ្មែរម្នាក់ឈ្មោះ សៅ រ៉ាវី ដែលរងគ្រោះ ដោយមេខ្យល់នាំ យកទៅរៀបការជាមួយ បុរសជនជាតិចិន នៅខេត្តជាំងស៊ី ប្រទេសចិន។
នារី សៅ រ៉ាវី មានស្រុកកំណើត នៅភូមិស្តុក ឃុំស្រង់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ នឹងមកដល់មាតុប្រទេសវិញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ វេលាម៉ោង ៦៖១០ នាទីល្ងាចនេះ នៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ។
ករណីមួយទៀត ស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយ អាជ្ញាធរចិន ជួយសង្គ្រោះស្រ្តីខ្មែរម្នាក់ឈ្មោះ ហួង ឆៃហ៊ាន ដែលរងគ្រោះ ដោយមេខ្យល់នាំ យកទៅរៀបការជាមួយ បុរសជនជាតិចិន នៅខេត្តហ៊ូណាន។នារី ហួង ឆៃហ៊ាន មានស្រុកកំណើត នៅភូមិល្វា ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម នឹងត្រឡប់មកដល់ មាតុប្រទេសវិញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ វេលាម៉ោង១២:០០ នាទីថ្ងៃត្រង់ នៅអាកាសយានដ្ឋាន អន្តរជាតិខេត្តសៀមរាប ។
ជាថ្មីម្តង ទៀត ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ សូមធ្វើការ អំពាវនាវ ដល់ពលរដ្ឋខ្មែរ ជាពិសេសនារីខ្មែរ ដែលជាជនងាយរងគ្រោះ សូមធ្វើការ ប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចាញ់បោក តាមការអូសទាញ បញ្ចុះ បញ្ចូលពី សំណាក់មេខ្យល់ ដែលប៉ុនប៉ង នាំបងប្អូន ទៅធ្វើការ ឬទៅរៀបការជាមួយ បុរសជនជាតិចិន នៅប្រទេសចិន ដោយធ្វើការ សន្យាកុហក់ថា នឹងទទួលបានលាភសក្ការៈ ប្រាក់កាស់ ជាច្រើន ឲ្យសោះ។
កន្លងមកក្រសួង ក៏ដូចស្ថានទូត និងស្ថាន អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ជាពិសេស នៅប្រទេសចិន បានទទួលពាក្យ បណ្តឹងយ៉ាងច្រើនពីជនរងគ្រោះ គ្រួសារជនរងគ្រោះ និងតាមរយៈអង្គការ មួយចំនួន។ បច្ចុប្បន្នក្រសួងការបរទេស ស្ថានទូត និងស្ថានអគ្គកុង ស៊ុលកម្ពុជា បាន និងកំពុងជួយសង្គ្រោះនារីខ្មែរ រងគ្រោះទាំងនោះមកកម្ពុជាវិញ ជាបន្តបន្ទាប់៕