កំពង់ចាមៈ កម្លាំងនគរបាលល្បាត របស់ស្រុកកងមាស ខេត្តកំពង់ចាម នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដេញបង្ក្រាប និងឡោមព័ទ្ធ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព វាយប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋនៅ តាមដងផ្លូវសាធារណៈ ប៉ុន្តែបានបោះម៉ូតូចោល ពេលដែលពើបជាមួយកម្លាំងសមត្ថកិច្ច។
សកម្មភាពនាពេលប្លន់យកម៉ូតូបានសម្រេចខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះស្ថិតនៅស្ពាន សូកេន ភូមិសូកេន ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។
យោងតាមមន្ត្រីនគរបាល ស្រុកកងមាសបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋជិះ ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 1AH-6447 លុះពេលធ្វើដំណើរដល់ស្ពាន សូកេន ស្រាប់តែលេចមុខជនសង្ស័យមកពួនស្ទាក់ ហើយវាយប្លន់យកម៉ូតូ ពីជនរងគ្រោះបើកគេចខ្លួន។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា នៅពេលដែលជនសង្ស័យកំពុងបើកម៉ូតូគេចខ្លួននោះ ស្រាប់តែពើបជាមួយ កម្លាំង នគរបាលដែលពួនស្ទាក់ គ្រប់គោលដៅ ជនសង្ស័យបានទំលាក់ម៉ូតូចោល រួចហើយរត់ចូលព្រៃ។
ចំពោះករណីវាយប្លន់យកម៉ូតូនេះ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាទៅកម្លាំងនគរបាលជំនាញ និងនគរបាល មូលដ្ឋាន បន្តការរុករក និងឡោមព័ទ្ធដើម្បី តាមចាប់ជនសង្ស័យរូបនេះយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់។
សមត្ថកិច្ចមិនទាន់បានបង្ហាញពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ប៉ុន្តែម៉ូតូ របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដកហូតមកវិញ និងត្រៀមប្រគល់ ទៅឲ្យជនរងគ្រោះ៕