កោះកុង៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់នៅកន្លែងកើតហេតុ រីឯ១៨នាក់ទៀតរងរបួស ធ្ងន់ស្រាល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅផ្លូវចំណោទ ខាងលើស្ពានតាតៃ ប្រហែល៣គីឡូម៉ែត្រ តាមបណ្តោយ ផ្លូវជាតិ លេខ៤៨ ក្នុងស្រុកកោះកុង ខេត្តកោះកុង។
ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើករថយន្ត ជាន់ហ្វ្រាំងមិនស៊ី ពេលចុះចំណោត ដែលផ្ទុកទៅដោយរបស់របរមានទំងន់ធ្ងន់ លើសពីការកំណត់ បើកក្នុង ទិសដៅ ពីកើតទៅលិច។ រថយន្តរងគ្រោះម៉ាក់ហ៊ីណូ ទំងន់៥តោន ជាប្រភេទរថយន្តស្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3B-3950 ដោយមានអ្នកធ្វើដំណើរចំនួន២១នាក់ ម៉ូតូ២គ្រឿង និងដែកតម្លើងអង់តែនពេញលើរថយន្ត ចំណែកអ្នកបើកបរបានរត់គេចខ្លូនចូលព្រៃបាត់។
លោក អ៊ុត សុខា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តខាងលើពុំដែលធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៤៨នេះ ហើយក៏ បណ្តាលឲ្យគ្រោះថ្នាក់មកពីចុះចំណោត ហ្វ្រាំងរថយន្តត្រូវដាច់ជាន់មិនស៊ី អ្វីដែលជាការកត់សំគាល់ លើរថយន្ត មានដឹកឧបករណ៍សម្រាប់តម្លើងអង់តែនពេញទៀតផង ទើបបង្កឲ្យមានគ្រោះថ្នាក់ ដែលបណ្តាលមាន មនុស្សស្លាប់និងរងរបួសយ៉ាងច្រើន ចំណែករថយន្តខាងលើត្រូវក្រុមការងារកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។
ប្រភពពីជនរងគ្រោះ បានឲ្យដឹង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ថា នេះជាលើកទីមួយហើយដែលក្រុមគាត់ ធ្វើដំណើរមកខេត្តកោះកុង ដើម្បីតម្លើងអង់តែននៅខេត្តកោះកុង ។ ប៉ុន្តែអ្វីដែលគួរ ឲ្យចាប់ អារម្មណ៍ មុនពេលគ្រោះថ្នាក់ គឺអ្នកបើកបរពុំដែលធ្វើដំណើរមកផ្លូវនេះទេ ហើយបើកក្នុងល្បឿនលឿន មិនដឹងថាផ្លូវបត ឬកោង ចុះឬឡើងទេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនៅតែបើកលឿនដដែល ហើយប្រហែល ហ្រ្វាំងលែងស៊ី រថយន្តដឹកធ្ងន់ផង ទើបអ្នកបើកបរបានទាញចង្កូតទៅខាងស្តាំ ក៏បុកភ្នំធ្វើឲ្យមនុស្ស និងឧបករណ៍ ផ្សេងៗខ្ទាតចេញពីលើរថយន្តបណ្តាលឲ្យ ស្លាប់និងរងរបួសធ្ងន់ស្រាល សរុបទាំងអស់២១នាក់ តែសំណាងល្អដែល ដែលអ្នកបើករថយន្តទាញចង្កូតមកខាងស្តាំ បើទៅខាងឆ្វេង វិញប្រហែលស្លាប់ ទាំងអស់គ្នាហើយពីព្រោះនៅទីនោះមានជ្រោះជ្រៅ។
ប្រភពពីកម្មករបានឲ្យដឹងថា កម្មករដែលរងរបួសនិងស្លាប់នេះគឺបម្រើការងារខាងផ្នែកតម្លើងអង់តែន ឲ្យក្រុម ហ៊ុនអ៊ី ធី អ៊ី ដែលភាគីក្រុមហ៊ុនតម្រូវឲ្យពួកគាត់មកធ្វើការនៅទីនេះ។
សួមបញ្ជាក់ថាចំពោះជនរងគ្រោះ ត្រូវក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង កំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយចំពោះអ្នករបួសធ្ងន់គ្រូពេទ្យត្រូវបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញបន្ត៕