វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានអញ្ជើញនូវ រាល់ផលិតករភាពយន្ត នានា ដើម្បីធ្វើការរំលឹកនូវដំណើរ ការស្រាវជ្រាវ ទីអវកាសរបស់ខ្លួន ដែលមានរយៈកាល ៥០ឆ្នាំមកនេះ ហើយធ្វើការបង្កើតខ្សែភាពយន្ត ស្តីអំពីរឿងរ៉ាវកន្លងមក ដាក់ប្រកួតក្នុងមហោស្រព ភាពយន្តនាពេលឆាប់ៗ ខាងមុខនេះ។
កម្មវិធីថ្មីនេះផងដែរ មានឈ្មោះថា CineSpace នឹងត្រូវរៀបចំបង្ហាញខ្សែភាពយន្តនានា ព្រម ទាំងដាក់ឲ្យមាន ការកាត់សេចក្តីនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ នៅក្នុង មហោស្រពសិល្ប និង ភាពយន្ត ទីក្រុងហួស្តុន សហរដ្ឋអាមេរិក។ ចំពោះប្រធានបទនៃ ភាពយន្តសម្រាប់ផលិតករនានា គឺស្តីពីការរុករកចក្រវាទទាំងមូល ក្នុងរយៈពេល ៥០ឆ្នាំ របស់អង្គការណាសា។
ចំពោះភាពយន្តដែលនឹងបានទទួលស្គាល់នោះ ត្រូវបានតែជាភាពយន្តប្រកបដោយការច្នៃ ប្រឌិត ការបង្កើតថ្មី និង ភាពយន្តចិត្តទុកដាក់ទៅលើទៅព័ត៌មានលម្អិត នៃសមទ្ធិផលអវកាស ដែល ណាសា សម្រេចបាននាពេលកន្លងមក។ សម្រាប់បេក្ខភាពដែលឈ្នះ នឹងទទួលបាន រង្វាន់ជាទឹកប្រាក់ ១០.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយខ្សែភាពយន្តនោះ នឹងមាន ឱកាសចាក់ផ្សាយទាំងលើផែនដី និង ក្រៅផែនដីផងដែរ៕