ឡាហាវ៉ាន់៖ គុយបា នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ បានធ្វើការទាមទារ សាជាថ្មីឲ្យអាមេរិក ដកប្រទេសដីកោះនេះ ចេញពីបញ្ជី ប្រទេសដែលគាំទ្រពួកភេរវករ ដើម្បីត្រួសត្រាយផ្លូវទៅរកការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានប្រសើរឡើងវិញ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាបន្តទៀតថា នៅក្នុងជុំទីពីរនៃកិច្ចពិភាក្សាស្តារទំនាក់ ទំនងរវាងអាមេរិក និង គុយបា ឲ្យបានប្រសើរឡើងវិញនោះ តំណាងចរចាមកពីរដ្ឋាភិបាល គុយបា បានអះអាងថា វាពិតជារឿងដែលមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធមួយចំនួន ក្នុងនោះការដកគុយបា ចេញពីបញ្ជីនៃប្រទេសគាំទ្រពួកភេរវករ គឺជា ប្រធានបទចម្បងមុនគេ។
ការដកគុយបាចេញពីបញ្ជីខ្មៅខាងលើនេះ គឺ ត្រូវតែកើតឡើងឲ្យបានមុនពេលដែល ស្ថានទូតនៃប្រទេសទាំងសងខាងត្រូវបើកដំណើរការជាផ្លូវការនោះ។ ដោយឡែកបញ្ហាទី ពីរ ដែលសំខាន់ផងដែរនោះ គឺការបែងចែកសេវាកម្មហិរញ្ញវត្ថុ ដើម្បីលើកស្ទួយ និង ចែករំលែក ផលប្រយោជន៍ឲ្យបានត្រឹមត្រូវ ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។
ក្រៅពីនេះប្រទេសគុយបា បានសន្យាថានឹងធ្វើការអនុវត្តនូវច្បាប់អន្តរជាតិ ព្រមទាំង អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីផ្នែកការទូត និង ទំនាក់ទំនងស្ថានកុងស៊ុល ដែលទាំងនេះគឺ ជាមូលដ្ឋានគ្រិះដ៏សំខាន់ដើម្បីអនាគតនៃវិស័យការទូតរបស់គុយបាផងដែរ៕