ភ្នំពេញ៖ ក្នុងគោលបំណង ជួយសម្រួលដល់ ប្រជាពលរដ្ឋ ក្នុងការបំពេញ បែបបទ លើឯកសារផ្សងៗ តាមតម្រូវការ របស់ពួកគាត់ កាលពីព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ អធិការ នគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបន្តផ្តល់ សៀវភៅ ស្នាក់នៅ ចំនួន៥២ សន្លឹក ដល់ប្រជាពលរដ្ឋ កំពុងរស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ម៉ក់ ហុងអធិការ នគបាលខណ្ឌ បានមានប្រសាសន៍ថា យុទ្ធនាការនេះ ធ្វើឡើងតាមការណែនាំ ពីលោក ឧត្តមស្នងការ នគរបាល រាធានីភ្នំពេញ ជួន សុវណ្ណ ពន្លឿនការងារផ្តល់ សៀវភៅស្នាក់ និង ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិសាស្រ្ត របស់ខ្លួន។
ប្រជាពលរដ្ឋ ដែលបាន ទទួល សៀវភៅស្នាក់នៅ ពីសំណាក់លោកអធិការ ម៉ក់ ហុង មាន ភូមិទំនប់ចំនួន២៩សន្លឹក និងភូមិពោងពាយ ចំនួន២៣សន្លឹក។
លោកអធិការ បានបញ្ជាក់បន្ថែមថា «សម្រាប់ក្រដាស់ដែលផលិតចេញ ជាសៀវភៅមាន ពណ៌លឿង គឺជាថវិកា ឧបត្ថម្ភ ពីលោក អភិបាលខណ្ឌ លី សាវេត ចំណែក នគរបាល បាននិងកំពុង ចុះធ្វើសៀវភៅស្នាក់នៅ ដល់ផ្ទះ និងបានយក ទៅចែកជូនដល់ពួកគាត់ដល់ផ្ទះផងដែរ»។
អធិការ ខណ្ឌសែនសុខ បានលើកឡើងពី ការណែនាំរបស់ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ គឺ តម្រូវឱ្យនគរបាល តាមខណ្ឌទាំងអស់ ត្រូវ ចុះទៅធ្វើសៀវភៅគ្រួសារ សៀវភៅ ស្នាក់នៅ និង អត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដល់លំនៅឋាន ប្រជាពលរដ្ឋ ដោយឆ្លាស់វេនពីសង្កាត់មួយ ទៅសង្កាត់មួយ ដោយមិនតម្រូវឱ្យពួកគាត់ មកធ្វើដល់អធិការខណ្ឌនោះឡើយ ។
លោក ម៉ក់ ហុង បានបន្ដទៀតថា នគរបាលរបស់លោក បានចុះស្រាវជ្រាវតាមភូមិ ហើយបើប្រជាពលរដ្ឋ ទាំងឡាយណា មិនទាន់មានសៀវភៅ ស្នាក់នៅ ត្រូវធ្វើជូនពួកគាត់ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។
ជាចុងក្រោយ អធិការនគរបាល ខណ្ឌសែនសុខ បានណែនាំ ឱ្យប្រជាពលរដ្ឋ ដែលមកទទួល សៀវភៅទាំងនេះ ត្រូវចេះថែរក្សា និងទុកឱ្យបានល្អ ចៀសវាងបាត់បង់ ឬខូចខាតរហែក៕