ភ្នំពេញ៖ លោកស្រី Michelle Obama ជំទាវទី១ (មីស៊្ហែល អូបាម៉ា) ភរិយា ប្រធានាធិបតី អាម៉េរិក លោក បារ៉ាក់ អូបាម៉ា នឹងមកបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅកម្ពុជា នៅអំឡុងខែមីនា ឆ្នាំ២០១៥នេះ ។
យោងតាមការប្រកាស របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ បានឱ្យដឹងថា លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីអាម៉េរិក លោក Barack Obama នឹងមកបំពេញទស្សនកិច្ចវប្បធម៌ជាផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ បន្ទាប់ពីលោកស្រី បានធ្វើទស្សនកិច្ច នៅតាមបណ្តាប្រទេស មួយចំនួនទៀត នៅតំបន់អាស៊ី ។
លិខិតដដែលនេះ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ នូវដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama ហើយសង្ឃឹមថា ដំណើរ ទស្សនកិច្ចនេះ នឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
លោកស្រី Michelle Obama ភរិយារបស់លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជា ភរិយាប្រធានាធិបតីអាមេរិក ទី២ ដែលបានមកធ្វើទស្សនកិច្ច នៅក្នុង ប្រទេសកម្ពុជា បន្ទាប់ពីលោកស្រី ហ្សាក់ហ្គាលីន ខេននឺឌី ( jacgueline kennedy) ជាភរិយារបស់ លោកខេននឺឌី (John Fitzgerald Kennedy) ប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិក កាលណោះ បានមកបំពេញ ទស្សនកិច្ច នៅកម្ពុជា លើកដំបូង នៅឆ្នាំ១៩៦៧ នាសម័យសង្គមរាស្ត្រនិយម៕