ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានលើកទឹកចិត្ត ឲ្យអង្គភាពទ័ពបើកប្រាក់បៀវត្ស តាម ប្រព័ន្ធធនាគារ ដើម្បីឲ្យដឹងពីចំនួនទ័ពពិតប្រាកដនៅកម្ពុជា មានចំនួនប៉ុន្មាន និងដើម្បីធានាថា ប្រាក់ខែបានទៅដល់ ដៃកងទ័ព ។
ថ្លែងនៅក្នុងឱកាស អញ្ជើញបិទសិក្ខាសាលាបូកសរុបការងារ កំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ (២០១០-២០១៥) និងលើកទិសដៅ ៥ឆ្នាំបន្ត (២០១៥-២០១៩)នៅរសៀលថ្ងៃពុធនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា" ទន្ទឹមនឹងទ័ពឡើងប្រាក់ខែ ត្រូវបើកបៀវត្សតាមប្រព័ន្ធធនាគារ ។ សាកល្បងមើលអង្គភាពណាធ្វើបានមុនគេពូកែ។ ព្រោះដើម្បីឲ្យដឹងថា ទ័ពមានប៉ុន្មាន នៅប៉ុន្មានពិតប្រាកដ ហើយវាគ្មានខ្មោចទ័ព មកបើកលុយតាមធនាគារ ។
នាយករដ្ឋមន្ត្រី បានលើកឡើងថា ការបើប្រាក់បៀវត្សទ័ព តាមប្រព័ន្ធធនាគារនេះ ដើម្បីកុំឲ្យមានការចោទប្រកាន់គ្នា ទៅវិញទៅមក ។ សម្ដេចថា " អត់មានភាសាអីកាត់មិនកាត់នោះទេ លឺតែចោទគ្នា ប្ដឹងគ្នា អាខ្លះប្ដឹងមួលបង្កាច់តែ ម្ដង ។ បើនៅធនាគារខុសពីឈ្មោះហ្នឹងគេអត់ឲ្យបើក។ ហើយធានាថា អ្វីៗបានទៅដល់ដៃកងទ័ព ដោយគ្មានការបាត់ បង់" ៕