ភ្នំពេញ៖ ក្មេងស្រី៣នាក់ ដែលម្តាយ យកមកបោះចោល នៅមុខបុរីទារក និងកុមារជាតិ រយៈពេល ៧ថ្ងៃមកហើយនោះ ឥឡូវត្រូវបាន លោក ងីម ធឿន ត្រូវជាពូបង្កើត ខាងម្តាយក្មេងស្រី បានចេញមក ធានាអះអាង យកទៅវិញហើយ ។
ពួកគេមានលំនៅឋាន ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្នុងការយកមកនេះ ស្ថិតក្រោមវត្តមាន លោកចៅសង្កាត់ស្ទឹងមានជ័យ សេង សាញ់ និងមន្ត្រីសង្គមកិច្ច ខណ្ឌមានជ័យ ព្រមទាំង តំណាងបុរីទារក និងកុមារជាតិ ផងដែរ ។
ក្រោយពីឈ្មោះ ងឹម ធឿន និងភរិយា ដែលត្រូវជា ពូមីងបង្កើត លោកស្រី ប្រធានទារក និងកុមារជាតិ និងលោកចៅសង្កាត់ បានព្រមព្រៀង ប្រគល់ ក្មេងទាំង៣នាក់ អោយទៅសាច់ញាតិរបស់ក្មេង ដែលបាន និងកំពុងរស់នៅ ក្នុងអង្គការទារក និងកុមារជាតិ រយៈពេល ៧ថ្ងៃកន្លងមកហើយ ។
សូមបញ្ជាក់ថា ចៅសង្កាត់ ស្ទឹងមានជ័យ លោក សេង សាញ់ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបាន ទទួលក្មេងបីនាក់ ដែលត្រូវម្តាយឪពុក បោះបង់ចោនៅព្រឹកនេះ បានអំពាវនាវ ដល់អាណា ព្យាបាល មកជួបដើម្បីរក ដំណោះស្រាយជូន ជៀសជាងសម្រេចចិត្ត បោះបង់កូនទាំងបី ចោលព្រោះតែជីវភាព។
តាមសេចក្តី រាយការណ៍ បានឲ្យដឹងថា នៅម៉ោងប្រម៉ាណ ៨៖០៨ នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ក្មេងស្រី៣ នាក់ ត្រូវបានម្តាយឳពុកយកទៅទម្លាក់ នៅជិងអង្គការបុរីធារុកុមារជាតិ ដែលមានទីតំាងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាននេះ ចៅសង្កាត់ស្ទឹងមានជ័យ ក៏បានឲ្យលោកស្រី សឹង មុំ ជាជនបង្គោលទទួលបន្ទុកកិច្ចការនារី សង្កាត់ស្ទឹងមានជ័យ ចុះទៅទីតាំងនោះ ដើម្បីជួយដល់កុមារីទាំងបី ដ៏គួរឲ្យកំសត់នោះ ហើយថែមទាំងបាន ទាក់ទងទៅកាន់អង្គការបុរីធារុកុមារជាតិ ដើម្បីទទួលក្មេងស្រីទាំងនោះ ទៅចិញ្ជីមជាបណ្តោះអាសន្នសិន។
សេចក្តីរាយការណ៍ ក៏បានបញ្ជាក់ទៀតថា ក្មេងស្រីទាំងបីនាក់នោះ មានអាយុចន្លោះពី៤ ឆ្នាំ ទៅ៩ឆ្នាំ។ នៅម៉ោង២៖៣០នាទី រសៀលថ្ងៃដដែលនេះ លោកស្រី មន្ទីសង្គមកិច្ច ខណ្ឌមានជ័យ និងលោក សម សុខសែន ជាស្មៀនសង្កាត់ស្ទឹងមានជ័យ និងលោកស្រី សឹង មុំ ជាជនបង្គោលទទួល បន្ទុកកិច្ចការនារី សង្កាត់កំពុង តែសាសួរក្មេងស្រីទាំងបីនាក់។
មន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ក្មេងស្រីទី១មាន ឈ្នោះ ហុក គឹមស៊ូន អាយុ៩ឆ្នាំ ទី២ឈ្នោះ ហុក គឹមស្រ៊ាន អាយុ៧ឆ្នាំ និងទី៣ឈ្នោះ ហុក គឹមស្រ៊ាន់ អាយុ២ឆ្នាំ មានបងស្រីម្នាក់ទៀត ឈ្នោះ ហុក ដាវីន អាយុ១៩ឆ្នាំ ធ្វើការគាត់មានម្តាយឈ្នោះ ឃីម នី ឪពុកស្លាប់ ចោលមានឈ្នោះ ហុក វិទ្ធី។ ក្មេងស្រីធ្លាប់រៀននៅ សាលាទំនប់រលក ថ្មី និងមានតានៅខេត្តព្រះសីហនុ តែមិនស្គាល់ឈ្នោះ៕