ស្វាយរៀងៈអធិការនគបាល ក្រុងបាវិត លោក វីរៈសេនីយ៍ត្រី កែវ គង់ បានច្រានចោល យ៉ាងដាច់ខាត ចំពោះ ការចោទប្រកាន់របស់ ប្រធានសហជីពសេរីកម្មករ លោក ជា មុនី ដែលថាមន្រ្តីនគរបាល បានទៅឃាត់រថយន្ត បង្កការរំខានដល់ការ ចែកប្រតិទិនជូនកម្មករ នៅក្រុងបាវិត កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២នេះ លោកអធិការក្រុងបាវិត កែវ គង់ បានឲ្យដឹងថា លោក ជា មុនី និងមន្រ្តីរបស់សហជីពបានចុះចែក ប្រតិទិនជូនកម្មករ នៅមុខតំបន់ សេដ្ឋកិច្ច ពិសេសមេនហាតធេន និងតាយ សេង កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ខណៈក្រុមកម្មករ បានចេញពីធ្វើ ការ នោះ បានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាង ខ្លាំងទើបបានជាកងកម្លាំង នគរបាលបានចុះមក ជួយរៀបចំ សណ្ដាប់ធ្នាប់ ចរាចរណ៍ឲ្យមានដំណើរជាធម្មតាទេ ពុំបានទៅរារាំងពួកគាត់ដូចជាការលើកឡើងនោះឡើយ។
លោកបានថ្លែងថា «ខ្ញុំបានទទួលការស្នើសុំពីមន្រ្តីរបស់តំបន់ សេដ្ឋកិច្ចពិសេសទាំងពីរឲ្យបញ្ជូន កម្លាំង នគរបាល ចរាចរណ៍មកជួយ សម្រួល ព្រោះវាមានការស្ទះជាខ្លាំងនៅមុខផ្លូវចេញពីតំបន់សេដ្ឋកិច្ចទាំងពីរនេះ»។
បើតាមលោកអធិការក្រុងបាវិត មន្រ្តីនគរបាលក្រោមឱវាទរបស់លោកមិនបាន ទៅរំខានការចែកប្រតិទិន ជូនដល់កម្មករពីសំណាក់ មន្រ្តីសហជីព សេរីកម្មករ នៃព្រះរាជណាចក្រកម្ពុជានោះទេ គោលបំណង របស់នគបាលគឺជួយសម្រួលចរាចរណ៍ឲ្យបានល្អតែប៉ុណ្ណោះ។ លោក បាន បន្តថា«ការចោទ ប្រកាន់នេះគឺមិនត្រឹមត្រូវនោះទេ កំលាំងនគបាលចរាចរណ៍មានតែពីរទៅបីនាក់ តើទៅព័ទ្ធរថយន្តនិង ហាមឃាត់គេម្ដេចទៅកើត»។
គួរបញ្ជាក់ថា ការច្រានចោលពីសំណាក់លោកអធិការក្រុងបាវិតនេះ ធ្វើឡើងបន្ទាប់ពីលោក ជា មុនី បានចោទប្រកាន់សមត្ថកិច្ចបានព័ទ្ធរថយន្តនិងបង្កការរំខានដល់ការចែកប្រតិទិនជូនដល់កម្មករនៅ មុខតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និង មេនហាតធេន កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី ២២ ឆ្នាំ ២០១២៕