ភ្នំពេញ : សហភាពសហព័ន្ធ យុវជនកម្ពុជា ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤ បានរៀបចំពិធី ជួបជុំ និងសំណេះសំណាល ជាមួយយុវជននៅទូទាំងខណ្ឌដ៏ធំមួយ ដោយមានយុវជន ចូលរួមប្រមាណ ១០១៥នាក់ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជន រាជធានី ភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានលើកឡើងថា ការរៀបចំឲ្យមានការជួបជុំ គ្នារបស់យុវជននាពេល នេះ ក្នុងគោលបំណង ដើម្បីបង្កឱកាសឲ្យយុវជន ចូលរួមសប្បាយរីករាយ តាមរយៈការពិសារបាយសាមគ្គី និង ការរាំ លេងកំសាន្ត ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិនារី ៨ មីនា ខួបលើក ទី១០៤ ក្រោមប្រធានបទដំណើរឆ្ពោះទៅមុខ ស្ត្រី កម្ពុជាក្រោយសន្និសីទ ស្ត្រីពិភពលោក ឆ្នាំ១៩៩៥ ។ ម៉្យាងទៀត ការជួបជុំគ្នានេះ ដើម្បីផ្តល់ឱកាសឲ្យយុវជន មកពី គ្រប់មូលដ្ឋានសង្កាត់ទាំងអស់ បានស្គាល់គ្នា, រាប់អានគ្នា និងសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការរួមគ្នាកសាង និង អភិវឌ្ឍន៍ សង្គមជាតិឲ្យកាន់តែរីកចម្រើន ។
នាឱកាសនោះ លោក សាយ សំអាល់ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និង ជារដ្ឋមន្រ្តីក្រសួង បរិស្ថាន មានប្រសាសន៍ថា ការជួបជុំរបស់យុវជន ក្នុងខណ្ឌមានជ័យ នាពេលនេះ បានបង្ហាញឲ្យឃើញ ពីការចេះរួប រួមសាមគ្គីគ្នា រវាងយុវជន ដែលជាកម្លាំងមួយដ៏សំខាន់ក្នុងការបន្តវេន ដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។លោកប្រធាន បានបន្តថា យុវជនក្នុងសម័យកាលនេះ គឺជាយុវជន ដែលពោរពេញទៅដោយថាមពល ចំណេះដឹងខ្ពស់វិវត្តន៍ទៅតាម បច្ចេកវិទ្យាជឿនលឿន របស់ពិភពលោកនាពេលបច្ចុប្បន្ន ។ យុវជន គឺជាសសរទ្រូង នឹងជាអ្នកបន្តវេន ពីយុវជន ជំនាន់មុន ក្នុងការដឹកនាំ និងអភិឌ្ឍន៍ប្រទេសជាតិ។ ដូចនេះយុវជនគ្រប់រូប ត្រូវតែយល់ច្បាស់ពីខ្លួនឯង និង តួនាទី ភារៈកិច្ចរបស់ខ្លួនថា តើត្រូវធ្វើអ្វីខ្លះ ដែលជាឧត្តមប្រយោជន៍របស់ខ្លួន, គ្រួសារ និងសង្គមជាតិ ។
លោក ឡុង ង៉ែត ប្រធានសហភាព សហព័ន្ធយុវជន ខណ្ឌមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាយ សំអាល់ ប្រធានសហភាព សហព័ន្ធយុវជន រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ដែលបានចំណាយពេលដ៏មានតម្លៃ ផ្តល់ជាកិត្តិយស សម្រាប់យុវជនខណ្ឌទាំងមូល ដោយលោកបានថ្លែង ដោយ មោទន:ថា ថ្ងៃនេះ គឺជាថ្ងៃដែលយុវជនខណ្ឌមានជ័យទាំងមូល មិនអាចបំភ្លេចបាន ដែលយុវជនខណ្ឌមានជ័យ ទាំង អស់គ្នាចងចាំក្នុងដួងចិត្ត ដែលអភិបាលខណ្ឌមានជ័យ បានផ្តួចផ្តើមរៀបចំជាកម្មវិធី ជួបជុំសំណេះសំណាល ដោយ ភាពស្និទ្ឋស្នាល រវាងយុវជន និងថ្នាក់ដឹកនាំ ដែលមានលោក ពេជ្រ កែវមុនី អភិបាល នៃគណ: អភិបាល ខណ្ឌមាន ជ័យ និងការជួយជ្រោមជ្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ពីសំណាក់លោក សាយ សំអាល់ ប្រធានសហភាព សហ ព័ន្ធយុវជនរាជធានីភ្នំពេញ ក៏កើតមាននូវកម្មវិធី ដែលយើងខ្ញុំជាយុវជនមិនអាចបំភ្លេចបាននេះឡើយ ៕