Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណបក្សអំណាចខ្មែរ នឹងចាប់ផ្តើមប្រមូល ស្នាមមេដៃ សមាជិក នៅសប្តាហ៍ក្រោយ

$
0
0

ភ្នំពេញ៖ អគ្គលេខាធិការ នៃគណបក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា បានឱ្យដឹងថា គណបក្សអំណាចខ្មែរ ដែលបច្ចុប្បន្ន មិនទាន់បានចុះបញ្ជី នឹង ចាប់ផ្តើម ប្រមូលយកស្នាមមេដៃ សមាជិក៤០០០នាក់ នៅសប្តាហ៍ក្រោយនេះ ដើម្បីបំពេញបែបបទ ដល់ជូនក្រសួងមហាផ្ទៃ ឱ្យស្របទៅតាម ច្បាប់ស្តីពី គណបក្សនយោបាយ នៅកម្ពុជា ។

លោក សៀង សុភារក្ស អគ្គលេខាធិការ នៃគណបក្សអំណាចខ្មែរ បានប្រាប់ដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍នេះថា ពេលនេះ គណបក្សអំណាចខ្មែរ មានសមាជិកគ្រប់គ្រាន់ហើយ សម្រាប់បង្កើតគណបក្ស ហើយការចុះប្រមូលស្នាមេដៃ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ បន្ទាប់ពី ក្រសួងមហាផ្ទៃ ផ្តល់ជូន ទម្រង់បំពេញបែបបទថ្មី នៃការបង្កើតគណបក្សនយោបាយ ។

លោកថា «យើងត្រៀមឯកសារ ហាក់គ្រប់គ្រាន់ហើយ ប៉ុន្តែឥឡូវនេះ យើងរងចាំហ្វម (ទម្រង់បំពេញបែបបទ) ពីក្រសួងមហាផ្ទៃ ដោយសារតែក្រសួងមហាផ្ទៃ គាត់មានការកែប្រែហ្វម អញ្ចឹងប្រហែលជាសប្តាហ៍ក្រោយ តាមការជូនដំណឹងពីក្រសួង ដូច្នេះសប្តាហ៍ក្រោយ យើងនឹងទទួលបានហ្វម យើងយកហ្វមមកបំពេញ ហើយយើងនឹងរៀបចំហើយ» ។

កាលពីថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ឆ្លើយតបទៅលោកសួន សេរីរដ្ឋា មេចលនាអំណាចពលរដ្ឋខ្មែរ ដោយអនុញ្ញាតឱ្យ លោកសួន សេរីរដ្ឋា បង្កើតគណបក្សអំណាចខ្មែរ បើទោះបីជាលោកកំពុងជាប់ជាពិរុទ្ធជន យ៉ាងណាក្តី។ លិខិតក្រសួងមហាផ្ទៃនេះ បានផ្តល់ ជូនលោកសួន សេរីរដ្ឋា បន្ទាប់ពីស្នើឱ្យ ក្រសួងយុត្តិធម៌ ពិនិត្យមើលផ្នែកច្បាប់ ជុំវិញសំណុំរឿង លោកសួន សេរីរដ្ឋា រួចរាល់ ។

លោក សៀង សុភារក្ស អគ្គលេខាធិការ នៃគណបក្សអំណាចខ្មែរ បានឱ្យដឹងទៀតថា បើទោះបីជាពេលនេះ សំណុំរឿងលោកសួន សេរីរដ្ឋា ដែលត្រូវរដ្ឋាភិបាល ចោទថា មានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល កំពុងស្ថិតនៅក្នុងដៃ សាលាឧទ្ធរណ៍ ក៏ដោយចុះ ប៉ុន្តែលោកសួន សេរីរដ្ឋា ដែលកំពុង រត់គេចខ្លួន នៅក្រៅប្រទេសនោះ នឹងវិលត្រឡប់មកកម្ពុជា ក្រោយពេលគណបក្សបានចុះបញ្ជីរួចរាល់ ។

លោក សួន សេរីរដ្ឋា មេចលនាអំណាចពលរដ្ឋខ្មែរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចោទថា មានគម្រោងការផ្ទួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០០៤ ។ លោកត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យប្រាក់ ២៥លានរៀល ប៉ុន្តែត្រូវបានប្តឹងជំទាស់ ដោយលោក សុក សំអឿនជាមេធាវី ការពារក្តី របស់លោក ទៅកាន់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>