ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នំា២០១៥ គណៈគ្រប់គ្រងសាលា បុគ្គលិក សាស្ត្រាចារ្យ គ្រូបង្រៀន និង សិស្សានុសិស្ស ដឹកនាំដោយ លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកាសាលា បាននំាគ្នាបរិច្ចាគឈាម ជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមជួយដល់ជនរងគ្រោះ ដែលត្រូវការឈាម នៅក្នុង ប្រទេសកម្ពុជា។
លោកស្រី ងឿន ផល្លីនពោធិតា បានថ្លែងឱ្យដឹងថា នេះជាលើកទី ២ សម្រាប់សាលាចំណេះទូទៅអន្តរជាតិ សិង្ហបុរី (SIS) ដែលបានធ្វើការបរិច្ចាកឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងនោះលើកទី១ ដែលធ្វើឡើង កាលពីឆ្នាំមុននេះ មានអ្នកស្ម័គ្រចិត្ត ចូលរួមបរិច្ចាកឈាមសរុប ៤៣នាក់ ។
លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជនរងគ្រោះថ្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ និង រងគ្រោះ ដោយករណីផ្សេងៗ នៅតាមមន្ទីរពេទ្យនានា កំពុងតែកើនឡើងច្រើន ហើយការខ្វះខាតឈាមគ្រប់ប្រភេទ បានបង្កឱ្យមាន មនុស្សស្លាប់រៀងរាល់ថ្ងៃ ច្រើនជាង ជំងឺអេដស៍ទៅទៀត ។
លោកស្រីក៏បាន ណែនំាជម្រុញ គណៈគ្រប់គ្រងសាលា បុគ្គលិក សាស្ត្រាចារ្យ គ្រូបង្រៀនជាពិសេស សិស្សានុសិស្ស អោយរៀន លះបង់នូវសេចក្តីសុខរបស់ខ្លួន ផ្តល់ដល់អ្នកដទៃ ជាពិសេសជនរងគ្រោះថ្នាក់ និង ជនដែល ត្រូវវះកាត់ ត្រូវ ការបញ្ជូលឈាមជាបន្ទាន់ ។ល។ លោកស្រីថា «បណ្តុះគំនិតមនុស្សធម៌ក្នុ ងជួរបុគ្គលិកសាស្ត្រាចារ្យ គ្រូបង្រៀនជាពិសេសយុវជនជាសិស្សានុសិស្សយើង។ ព្រោះថា យើងរស់នៅក្នុងសង្គម ត្រូវចេះស្រលាញ់មនុស្សដែលរស់ក្នុងសង្គមជាមួយយើង ត្រូវចេះចែករំលែក សេចក្តីសុខដល់គ្នីគ្នា កុំរើសអើង កុំស្អប់ខ្ពើមគ្នា ឈានទៅកសាងសង្គមខ្មែរមួយ ដែលចេះស្រលាញ់គ្នា និងយោគយល់គ្នា» ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីនាយិកាសាលា បានលើកទឹកចិត្តដល់ បុគ្គលិករបស់ខ្លួន ឱ្យសម្រាកធ្វើការ ចំនួន០១ថ្ងៃ ក្រោយពេលផ្តល់ឈាមរួច។ នាយិកាក៏អំពាវនាវ ដល់បងប្អូនទាំងអស់ ជាពិសេសជនរួមជាតិ ចូលរួម បរិច្ចាកឈាម ស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយសេចក្តីរីករាយបំផុត ព្រោះថា យើងអាចបំពេញ នូវតម្រូវការចាំបាច់ របស់អ្នកជំងឺ និងជនរងគ្រោះនានា ដែលកំពុងដង្ហោយរក ដោយហេតុថា ឈាមជាវត្ថុ ដ៏មានតម្លៃដែលមិនអាចយកលុយ ទៅទិញបាន មានន័យថា “អំណោយឈាម អំណោយជីវិត“ ៕