ភ្នំពេញ ៖ ដោយសារតែការចុះសិក្សា លើការដាក់ឲ្យដំណើរការចរាចរណ៍ ឯកទិសលើផ្លូវ សុធារស ក្នុង រយៈពេល ប៉ុន្មានថ្ងៃមកនេះ មានការកក ស្ទះចរាចរណ៍ខ្លាំង លើផ្លូវព្រះនរោត្តម នោះ នៅពេលនេះ ការិយាល័យ ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានដាក់ សំណើទៅកាន់ អភិបាលរាជធានីភ្នំពេញ ដើម្បីសុំឲ្យធ្វើ ដំណើរចូលពី តាមភ្លើង ស្តុបជលផល ឆ្ពោះទៅកាន់ កែងផ្លូវស្ថានទូតរុស្ស៊ីវិញ ។
លោក ចេវ ហាក់ នាយការិយាល័យ ចរាចរណ៍ផ្លូវគោក បានថ្លែងឲ្យដឹងថា ឆ្លងតាមការចុះសិក្សា រយៈពេល ៣-៤ថ្ងៃនេះ ឃើញថា ការដាក់ឲ្យធ្វើ ចរាចរណ៍ពី កែងផ្លូវស្ថានទូតរុស្សី មកស្តុបជលផលនោះ នាំឲ្យមានការកកស្ទះ យ៉ាងខ្លាំងលើ ផ្លូវព្រះនរោត្តមយ៉ាងខ្លាំង ត្រង់ចំណុច មុខក្រសួងមហាផ្ទៃ រហូតដល់ វិមានឯករាជ្យ ។
លោក ចេវ ហាក់ បានបន្តទៀតថា ដោយមើលឃើញស្ថានភាពបែបនេះ ទើបលោកបាន ដាក់សំណើទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីសុំការសម្រេច ដាក់ឲ្យ ចរាចរណ៍ ពីស្តុបជលផលឆ្ពោះ ទៅផ្លូវកែង ស្ថានទូតរុស្ស៊ីវិញ តែយ៉ាងណានោះ គឺរង់ចាំការ សម្រេចជាផ្លូវការ របស់អភិបាល រាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយ។
នាយការិយាល័យ ចរាចរណ៍ លោក ចេវ ហាក់ បានសុំការយោគយល់ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងរកស៊ីនៅ តាមដងផ្លូវ សុធារស ក្នុងដំណាក់កាល នៃការធ្វើចរាចរណ៍ឯកទិស ដោយត្រូវធ្វើការ ពង្រីកទ្រូងផ្លូវ ចំនួន ៤ម៉ែត្រទៀត ហើយក្រោយការបញ្ចប់ ពង្រីកទ្រូងផ្លូវនោះ អាចនឹងមានការ សម្រេចសារជាថ្មី ថាតើអាចធ្វើ ដំណើរចរាចរណ៍ ជាឯកទិស ឫ២ទិស ?
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យ ចរាចរណ៍ ឯកទិសលើផ្លូវសុធារស ពីកែងផ្លូវ ស្ថានទូតរុស្ស៊ី មកស្តុបជលផល ក្នុងគោលបំណង ជួយកាត់បន្ថយការកក ស្ទះចរាចរណ៍ លើផ្លូវមួយនេះ ជាពិសេសនៅពេលល្ងាចតែម្តង ៕