ប៉េកាំង៖ ចិន បានរំពឹងយ៉ាងមុតមាំថា កិច្ចចរចាគ្នារវាងចិន និងសមាជិកអាស៊ាន ក្នុងការដាក់តំបន់មួយចំនួន ឲ្យប្រែក្លាយជាការធ្វើ ចរាចរណ៍ពាណិជ្ជកម្មសេរីនោះ នឹងត្រូវបានទទួលនូវលទ្ធផលជាផ្លែផ្កា ហើយថែមទាំងបានពង្រឹងឡើងវិញ នូវការរឹតចំណងការទូត លើវិស័យពាណិជ្ជកម្ម ជាមួយបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥ថា បើយោងតាមរបាយការណ៍មួយ ដែលបានដកស្រង់ប្រសាសន៍ របស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ដែលលោកបានថ្លែងឲ្យដឹងនោះ ។
គេបានដឹងថា ប្រទេសចិន បានចាប់ផ្តើមពង្រឹង នូវកិច្ចទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសមាជិកអាស៊ាន រួមទាំងប្រទេសឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងអូស្ត្រាលីក្នុងអំឡុងពេល ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ។
គួររំលឹកថា ប្រទេសចិនបានបើកទូលាយ នូវទីផ្សារសេរីជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន គិតចាប់ពីខែមករា ឆ្នាំ២០១០ មកម្ល៉េះ ហើយការសហការគ្នា ក្នុងការបើកទូលាយពាណិជ្ជកម្មនេះ រីកចម្រើនជាលំដាប់ ។ ប្រទេសចិន ដែលជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោកមួយនេះ បានចងសម្ព័ន្ធភាពយ៉ាងរឹងមាំ ជាមួយសហដៃគូពាណិជ្ជកម្ម នៅក្នុងតំបន់ ដោយមាន ចេតនាធ្វើសមាហរណកម្មពាណិជ្ជកម្ម ជាមួយសមាជិកអាស៊ាន ដែលកិច្ចការងារនេះ បានធ្វើរួចហើយ ជាមួយគ្នានេះដែរ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី រួមទាំងណូវែលហ្សេឡង់ផងដែរ ។
យោងតាមទិន្នន័យមួយចំនួន បានបង្ហាញឲ្យដឹងថា ការធ្វើពាណិជ្ជកម្ម ជាមួយសមាជិកអាស៊ានទាំង១០ប្រទេសនោះ បានញុំាងឲ្យពាណិជ្ជកម្មចិន ទទួលបានផលសរុប១១.១៦ភាគរយ គិតជាទឹកប្រាក់កើនឡើង ដល់៤៨០,៤ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក គិតត្រឹមឆ្នាំ២០១៤ ៕