បន្ទាយមានជ័យ : ស្នងការ នគរបាលខេត្ត បន្ទាយមាន ជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដាក់ផែនការ ឲ្យបង្កើនការចុះល្បាតជា ប្រចាំ នៅក្នុងភូមិសាស្ត្រតាម ខ្សែបន្ទាត់ព្រំដែន របស់អង្គ ភាពនីមួយៗ ក្នុងគោល បំណង បង្ការ និងទប់ស្កាត់ បទល្មើសមួយចំនួន ដែលអាចកើតមានឡើង ដូចជាការលួចឆ្លងដែនខុស ច្បាប់ ការលួចនាំចូល នាំចេញនូវទំនិញខុសច្បាប់ បញ្ហាគ្រឿងញៀន និងអំពើ ចោរកម្មជាដើម ។
លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់មេបញ្ជាការ វរ:ការពារព្រំដែនទាំង៤ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដាក់វេណប្រចាំការ និងចុះយាមល្បាត រក្សាសន្តិសុខ សុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ ខ្លួនជូនប្រជាពលរដ្ឋ ។
ជាក់ស្តែងកាលពីវេលាម៉ោង ៨និង៣០បាទី ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ លោក សេង សុខឡាង នាយរងប៉ុស្តិ៍ក្បាលស្ពាន នៃវរ:ការពារព្រំដែន៨៩១ បានដឹកនាំកម្លាំង៨នាក់ ប្រដាប់ដោយអាវុធអាកា ៧ដើម ដើរល្បាតតាមខ្សែ បន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ របស់ខ្លួន ។ ជាលទ្ឋផលការ ចុះល្បាតរយ:ពេល១ម៉ោង ពេញ ដែលបានបញ្ចប់ទៅ នៅវេលា៩និង៣០នាទី នាព្រឹកថ្ងៃដដែលនេះ ពុំមានសភាពការអ្វីកើតឡើងមានភាព មិនប្រក្រតី និង គួរឲ្យកត់សម្គាល់នោះ ឡើយ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ អាត់ ខែម ក៏បានដាក់ផែនការទៅការិយាល័យជំនាញ និងអធិការតាមបណ្តា ក្រុង ស្រុក ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: តាមមូលដ្ឋានរបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេស នោះ ការទប់ស្កាត់ បទល្មើសនានា ដែលអាចកើតមានឡើង ដូចជាគ្រឿងញៀន និងចោរកម្មជាដើម ។
តាមរយ:យុទ្ឋនាការចុះល្បាតជាប្រចាំពីសំណាក់កម្លាំង នគរបាលនៅតាមមូលដ្ឋាន នានានោះ បានធ្វើឲ្យ ប្រជាពលរដ្ឋ នៅក្នុងខេត្តមានភាពកក់ក្តៅ និងជឿទុកចិត្តមកលើកម្លាំង នគរបាល សម្រាប់ការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ។