កំពង់ឆ្នាំងៈ ការប្រើឧបករណ៍ នេសាទវាយអួន រុញស៊ីប និងអូសយ៉ាំងកាវ គេសង្ឃឹមថានឹងត្រូវបាន បង្ក្រាបលែងមានវត្តមាន នៅលើផ្ទៃទឹកបឹង ទន្លេសាប នាដែននេសាទ ខេត្តកំពង់ឆ្នាំង ខណៈក្រោយ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ដោយមាន នាយខណ្ឌរដ្ឋបាលជលផល លោក សោម ភារុណ ។
ប៉ុន្តែសេចក្តីសង្ឃឹមរបស់ ប្រជានេសាទលក្ខណៈគ្រួសារ បែរជាខកចិត្តយ៉ាងខ្លាំង ព្រោះបច្ចុប្បន្នសកម្មភាពទាំងនោះនៅតែកើតមានបន្ត យ៉ាងអាណាធិបតេយ្យ យ៉ាងណាមិញ ការប្រើឧបករណ៍នេសាទទាំងនេះ ត្របានគេប្រទះឃើញ នៅចំណុចក្បាលកោះក្រញ៉ាន ក្បាលកោះក្អែរ និងក្បាលកោះចោរ និងសាច់ស្ពៃ ការប្រើឧបករណ៍ នេសាទាំងនោះជួនកាល ពួកគេវាយឆ្មក់ចូលទៅនេសាទ ក្នុងដែនអភិរក្សទៀតផង ។
ក្រោយពីលោក សេង ប៊ុនឈឿន អតីតនាយខណ្ឌរដ្ឋបាល ជលផលចូលនិវត្តន៍សកម្មភាព បទល្មើសនេសាទនៅក្នុងដែននេសាទ ខេត្តកំពង់ឆ្នាំង យ៉ាងអាណា ធិបតេយ្យ ដូចជាការនេសាទ ដោយចៃរ៉ាប្រើប្រាស់ ម៉ាស៊ីនខ្យល់ និងប្រើប្រាស់មងបង្ក្រាប បីជាន់ត្រូវបានគេឃើញ ប្រសេចប្រសាច ពេញផ្ទៃបឹងបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង នេះបើយោងតាម សេចក្តីរាយការណ៍ និងអះអាង ពីប្រជានេសាទ លក្ខណៈគ្រួសារ ។
ពាក់ព័ន្ធករណីខាងលើនេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សោម ភារុណ មិនទាន់អាចទំនាក់ទំនង សុំការអត្ថាធិប្បាយ បាននោះឡើយទេ នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥នេះ ។ ដោយឡែក លោក ឈិន តួ ប្រធានក្រុមអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ប្រចាំខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថា ករណីនេសាទ ទាំងអម្បាលម៉ានខាងលើ ធ្វើទៅបានដោយសារអស្រ័យ យ៉ាងម៉ិចៗដឹងហើយ ឯការនេសាទធំៗអស់ហើយ នៅតែតូចៗទេ ។
សូមរម្លឹកថា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើ និងលើកឡើង សូមអោយមុំន្ត្រី រដ្ឋបាលជលផល ជាពិសេសលោកនាយខណ្ឌ រដ្ឋបាលជលផល ដែលត្រូវប្រកាស តែងតាំងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនៅ សាលាខេត្តកំពង់ឆ្នាំង សូមខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់ អោយបាននូវបទល្មើស នេសាទគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕