ភ្នំពេញ ៖ នៅក្នុងឱកាស អញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត ក្រសួងសុខាភិបាល លើកទី ៣៦ នៅសណ្ឋាគារ «សូហ្វីតែលភូគីត្រាភ្នំពេញ» នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ត្រូវដាក់គ្រូពេទ្យប្រចាំការ ជាប់ជានិច្ច ក្នុងការ ផ្តល់សេវាសុខភាព ទៅដល់ប្រជាពលរដ្ឋ នៅពេលពួកគេមករកសេវាសុខភាព ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា “ គ្រប់មន្ទីរពេទ្យ ទាំងពេទ្យបង្អែក និងមណ្ឌលសុខភាព ចាំបាច់ត្រូវមាន គ្រូពេទ្យប្រចាំ ការនៅគ្រប់ថ្ងៃ គ្រប់ម៉ោង គ្រប់ពេលទាំងនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃបុណ្យជាតិនានា ដើម្បីធានាឲ្យមានការផ្តល់ សេវាពិនិត្យថែទាំ និងព្យាបាលជានិរន្ត ចំពោះអ្នកជំងឺ ហើយត្រូវជំរុញអនុវត្តការងារនេះ ឲ្យបានម៉ត់ចត់តាម បទវិន័យ និងប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីៈសុខាភិបាល ។ សម្តេចបន្តថា បើមិនមានអ្នកប្រចាំទេ គឺគេមិនហៅថា មន្ទីរ ពេទ្យទេ ។
នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា គ្រូពេទ្យក៏មិនខុសពីកងទ័ពប៉ុន្មាននោះដែរ គឺនៅ ពេលមានបុណ្យជាតិធំៗ គឺ មិនដែលបាននៅជួបជុំគ្រួសារទេ គឺដោយសារតែជាប់ ប្រចាំការ ដើម្បីផ្តល់សេវាផ្នែកសុខភាព ទៅពលរដ្ឋនៅពេល ដែលពួកគេ មានជំងឺនេះគឺជាការលះបង់មួយយ៉ាងធំធេង ៕