-សម រង្ស៊ី កឹមសុខា អាចឈាន ដល់ផ្លូវបំបែក
អង្គរ-សៀមរាម ៖ យើងទាំងអស់គ្នានៅចាំបាន ថា ខណៈដែលសភានីតិកាលទី៥ បានបើក សម័យ ប្រជុំលើក ដំបូងរបស់ខ្លួនតាម ការកោះអញ្ជើញ របស់ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី និងការយាង ជាព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា កាលពីខែកញ្ញា ឆ្នាំ២០១៤ សមាជិកសភាជាប់ឆ្នោត ដែលក្រោយ មកក្លាយទៅជាសមាជិកសភា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលបានគោរព តាមការកោះ របស់ព្រះករុណា និងចូលប្រជុំតាមរដ្ឋធម្មនុញ្ញ ដែលថា សភានិងកោះប្រជុំជាលើកដំបូង យ៉ាងយូរបំផុត ៦០ថ្ងៃក្រោយ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ ។ រីឯសមាជិកសភា ជាប់ឆ្នោត ៥៥រូប របស់ គណបក្ស សង្គ្រោះជាតិ ដែលបាន កើតឡើងពីការបង្រួបបង្រួមរវាងគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ពុំបានគោរពតាមការកោះ របស់ព្រះ មហាក្សត្រទេ មេដឹកនាំគណបក្ស គឺលោកសមរង្ស៊ី និងលោកកឹម សុខា បានកោះហៅអ្នកតំណាងរាស្ដ្រ ជាប់ឆ្នោត ទាំង៥៥រូបទៅសៀមរាប ហើយបានស្បថ ទន្ទឹមគ្នាជាមួយសមាជិកសភាជាប់ឆ្នោត គណបក្ស ប្រជាជននៅវិមាន រដ្ឋសភាភ្នំពេញ ។
នេះជាការបង្ហាញឱ្យឃើញរូបភាព បែកបាក់ជាតិ ដែលគណបក្សសង្គ្រោះជាតិ បានសម្រេចនៅក្នុង ផ្លូវដ៏គ្រោះថ្នាក់មួយ ដោយគៀងគរឱ្យទៅស្បថនៅមុខសៀមរាប អង្គរ ដែលវាផ្ទុយទាំងស្រុងទៅនឹងកម្មវិធី ដែលបានរៀបចំនៅវិមាន រដ្ឋសភាភ្នំពេញ ។
ឥឡូវនេះងាកមកនិយាយអំពីសមាជិក សភាទាំង៥៥រូប ដែលបានស្បថនៅមុខអង្គរ ដ៏ស័ក្ដិសិទ្ធិថា សមាជិកសភាទាំង ៥៥រូបរបស់ គណបក្សសង្គ្រោះជាតិ ស្បថសច្ចាមិនចូល សភាជាដាច់ខាត ត្រូវតែរៀប ចំការបោះឆ្នោត ឡើងវិញ និងធ្វើ មហាបាតុកម្មទូទាំងប្រទេស ដើម្បីទម្លាក់សម្ដេចតេជោ ហ៊ុន សែន ចេញ ពីអំណាច... នៅមានសម្បថជាច្រើនទៀត ដែលសុំមិននិយាយ ។ ឥឡូវនេះ តើសម្បថ នោះ សមាជិកស ភាគណបក្សសង្គ្រោះជាតិ គោរពតាមដែរឬទេ ហើយមក ដល់ពេលនេះ មានការរៀបចំបោះឆ្នោត ឡើងវិញហើយឬ នៅ តើសម្ដេចហ៊ុន សែន ឈប់ធ្វើជានាយក រដ្ឋមន្ដ្រី នៃ រាជរដ្ឋាភិបាល កម្ពុជា ហើយឬនៅ ឯណាទៅការទម្លាក់សម្ដេចហ៊ុន សែន តាម រយៈការធ្វើមហាបាតុកម្មតាមចិញ្ចើមថ្នល់?។ ផ្ទុយទៅវិញ អ្វីៗខុសស្រឡះ ហើយសមាជិក សភាទាំង៥៥រូប បែរជាមកអង្គុយក្នុងវិមាន រដ្ឋសភាថែម ទាំងសមាជិក សភាខ្លះបានតួនាទី ចាប់អនុប្រធាន ប្រធានគណៈកម្មការទាំង ១០ រហូតដល់អនុប្រធាន ទី១រដ្ឋសភា ។ ដោយឡែកលោក សម រង្ស៊ីវិញ នៅពេល ដែលកឹម សុខា មានតួនាទីខ្ពស់ ក៏បានមកសុំ បបួលសម្ដេចហ៊ុន សែន ជួយបង្កើតតួនាទីឱ្យ ខ្លួនក្លាយ ជាប្រធានក្រុមតំណាងរាស្ដ្រភាគតិច នៅក្នុងសភា ដើម្បីកុំឱ្យខ្មាសអនុប្រធានកឹម សុខា ក្រោមលេសបង្កើតទិសស្លោក “វប្បធម៌ សន្ទនា” ។ ឥឡូវនេះ ពាក្យសម្បថរបស់អស់ លោកតំណាងរាស្ដ្រទាំង៥៥រូបអំបាលមាណ កំពុងជះមកលើវិញហើយ តាម រយៈសង្គ្រាម ដណ្ដើមអំណាចដ៏សន្ធោរសន្ធៅ រវាងក្រុម លោកសម រង្ស៊ី និងក្រុមលោកកឹម សុខា ។ តើទំនាស់បែកបាក់នោះ វាចេញមកពីអ្វី អ្នក ណាជាអ្នកបង្កើត ហើយវានឹងអាចបង្កហន្ដ រាយយ៉ាងណាខ្លះ ចំពោះគណបក្សសង្គ្រោះ ជាតិ នាពេលអនាគត?
យោងតាមលទ្ធផលជាក់ស្ដែង កាលពី សបា្ដហ៍កន្លងទៅនេះ សកម្មជនគណបក្ស សង្គ្រោះជាតិជាង៥០ នាក់ បាននាំគ្នាធ្វើ ដំណើរពីខេត្តសៀមរាប តាមរថយន្ដមកលើកបដាស្រែកតវ៉ានៅមុខស្នាក់ការកណ្ដាល គណបក្សសង្គ្រោះ ជាតិ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
គោលបំណងនៃការតវ៉ានោះ ពួកគេស្នើ សុំឱ្យលោកសម រង្ស៊ី និងលោកកឹម សុខា ផ្លាស់ប្ដូរលោកស្រីកែ សុវណ្ណរតន៍ ភរិយាស្របច្បាប់របស់ លោកយឹម សុវណ្ណ ដែលជាប្រធានប្រតិបត្ដិ គណបក្សប្រចាំខេត្ដសៀមរាប ។ បច្ចុប្បន្ន លោកស្រី មានតួនាទីជាសមាជិកសភា តំណាងរាស្ដ្រខេត្ដសៀមរាប ហើយក៏ជា ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ។ ក្រោយការតវ៉ា លោកសម រង្ស៊ីនិង លោក កឹម សុខា សន្យានិងចុះទៅខេត្ដ សៀមរាបដោយ ផ្ទាល់ ដើម្បីជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ស្វែងរកដំណោះស្រាយសមរម្យមួយបញ្ចប់ជម្លោះ ដែលអាច និយាយ ថា ជាជម្លោះដណ្ដើមអំណាចផ្ទៃក្នុងបក្ស ។
ខណៈដែលមេដឹកនាំគណបក្សសង្គ្រោះ ជាតិទាំង២រូបមានវត្ដមាននៅសៀមរាប មន្ដ្រីជាន់ខ្ពស់គណបក្ស ដែលអមដំណើរមេ ដឹកនាំទាំងពីរនោះ បានថ្លែងឱ្យមហាជនទូទៅ ដឹងថា ក្រុមអ្នកតវ៉ានោះ ភាគច្រើនជា អតីតសមាជិក គណបក្សសិទ្ធិមនុស្ស បើទោះបីពួកគេ ធ្លាប់មានប្រវត្ដិពីដំបូងជាអតីតសមាជិកគណបក្ស សមរង្ស៊ីក៏ដោយ ។ មានន័យថា មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលស្និទ្ធនិងលោកសមរង្ស៊ី ចង់ប្រាប់ថា ក្រុមអ្នកទាមទារនោះ គឺមកពីភាគីលោកកឹម សុខា ដោយពួកគេចង់ដកលោកស្រីកែ សុវណ្ណរតន៍ អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ីចេញ ពីតួនាទីនេះ ក្នុងគោលបំណងអ្នកតវ៉ាទាំងនោះ ដាក់មន្ដ្រីរបស់គេ ដែលជាអតីតមកពីគណបក្សសិទ្ធិមនុស្ស ជំនួសវិញ។ ឥឡូវនេះដំណោះស្រាយមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ រហូតមកដល់ពេលនេះ មានរយៈពេលមួយ សបា្ដហ៍ហើយ ។
មន្ដ្រីគណបក្សសង្គ្រោះជាតិ ដែលស្និទ្ធ និងភាគីលោកសមរង្ស៊ី បានឱ្យដឹងថា ប្រសិន បើលោកប្រធាន សមរង្ស៊ី សម្រេចថា នឹងដកលោក ស្រីកែ សុវណ្ណរតន៍ ចេញពីប្រធានប្រតិបត្ដិ របស់គណបក្សសង្គ្រោះជាតិ ពីខេត្ដ សៀមរាបនោះ ពួកគេរាប់រយនាក់ ដែលធ្លាប់ស្មោះត្រង់ និងគណបក្សសមរង្ស៊ី ក៏នឹងធ្វើ ដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីការពារលោកស្រី កែ សុវណ្ណរតន៍ដូចគ្នាដែរ ហើយវានឹងរឹតតែ ប្រឆាំងខ្លាំងក្លាថែមទៀតប្រសិនបើលោកសមរង្ស៊ី ដកស្រីកែ សុវណ្ណរតន៍ ហើយដាក់ជំនួសប្រធាន ប្រតិបត្ដិថ្មី ដែលជាភាគីមកពីគណបក្សសិទ្ធិមនុស្សនោះ។
ដូច្នេះ មន្ដ្រីគណបក្សសង្គ្រោះជាតិបាននិយាយថា ជម្លោះដែលបានចាប់ផ្ដើមកើតមានជាបណ្ដើរៗកន្លងមក ពេលនេះបានចាប់ផ្ដើមផ្ទុះជាផ្លូវការហើយ ដោយចេញពីខេត្ដសៀមរាបតែម្ដង ដែលជាខេត្ដគណបក្ស សង្គ្រោះជាតិ បាននាំគ្នាទៅស្បថសច្ចាប្រណិទាននៅមុខអង្គរ ។ (ការស្បថខុសប្រក្រតី ខុសទីកន្លែង វាជាប្រផ្នូលមិនល្អ ប្រៀបបាននឹងទារកកើតមិនគ្រប់ខែ ដូចគ្នានេះដែរ សភាទាំង៥៥រូប ដែលកើតមិន គ្រប់ទឹក ឥឡូវនេះ កំពុងតែចាប់ផ្តើមប្រគ្រីវកាច់ជាបណ្ដើៗ) ។
បើតាមអ្នកវិភាគគេវាយតម្លៃថា ប្រសិន បើលោកសមរង្ស៊ី និងលោកកឹម សុខា មិនអាចរកចំណុច កណ្ដាលសម្របសម្រួលបញ្ចប់បញ្ហានៅសៀមរាបឱ្យបានជាគំរូទេ នោះអនាគតទៅមុខ គណបក្ស សង្គ្រោះជាតិ នឹងឈាន ដល់ផ្លូវបំបែក ដោយម្ខាងដើរតាមលោកសម រង្ស៊ី និងម្ខាងទៀត ដើរតាមលោកកឹម សុខា ។ គេអាចនៅចាំបានថា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា របស់លោកតាសឺនសាន នៅក្នុងរដ្ឋសភាអាណត្ដិទី១ ដែលមាន១០អាសនៈ ក៏បានដើរដល់ផ្លូវបំបែកដូចគ្នាដែរ ដោយម្ខាង៥រូបទៅតាមសម្ដេចបវសេដ្ឋាសឺនសាន និងម្ខាង៥រូបទៀត ដើរតាមលោក អៀង ម៉ូលី អតីតតំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្រោយមក គណបក្សនេះ ក៏រលាយបាត់ឈ្មោះទៅហង ។
យោងតាមប្រភពព័ត៌មានពីគណបក្ស សង្គ្រោះជាតិនៅចាក់អង្រែ បានឱ្យដឹងថា ជម្លោះដែលបានចាប់ផ្ដើមចេញពីខេត្ដសៀម រាបនេះ គឺបង្កឡើងដោយភាគីលោកកឹម សុខា ហើយក៏ជាសេនារិយោរបស់លោកកឹម សុខាផ្ទាល់តែម្ដង ។
ប្រភពព័ត៌មាននោះបានឱ្យដឹងថា លោក កឹម សុខា មានបំណងនឹងឱ្យកូនស្រីរបស់ លោកឈ្មោះកញ្ញា កឹម មនោវិជ្ជា ក្រោយពី បរាជ័យ មិនអាចក្លាយទៅជាសមាជិកគណៈ កម្មាធិការជាតិរៀចំការបោះឆ្នោត ( គ ជ ប) នាពេលអនាគត ។ លោកកឹម សុខា ចង់ឱ្យកូនស្រីរបស់លោកក្លាយទៅជាសមាជិកសភា គណបក្សសង្គ្រោះជាតិ នៅមណ្ឌលភ្នំពេញ ជំនួសលោកកែវ សម្បត្ដិ លេខរៀងទី៥ ហើយក៏ជាកូតារបស់គណបក្សសិទ្ធិមនុស្ស លាឈប់ពីតំណាងរាស្ដ្រទៅធ្វើជាទីប្រឹក្សា របស់លោកកឹម សុខាផ្ទាល់អនុប្រធានព្រឹទ្ធសភា ឋានៈស្មើរដ្ឋលេខាធិការ ។ ការផ្លាស់ប្ដូររបៀបនេះដោយលើកហេតុផលថា លោកកែវ សម្បត្ដិ ដែលមានអាយុ៦០ឆ្នាំ បា្លយមានជំងឺក្រលៀនធ្ងន់ធ្ងរ ពិបាកនិងបម្រើការងារ ។ ម្យ៉ាងលោកជាកូតា មកពីគណបក្សសិទ្ធិមនុស្សផង ទើបលោកកឹម សុខា ប្រើរូបមន្ដស្រដៀងនិងលោកសម រង្ស៊ី ដើម្បីបានក្លាយជាតំណាងរាស្ដ្រ ដោយដក លោកកែវ សម្បត្ដិចេញពីបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ដ្រនៅ គ ជ ប ហើយស្នើកញ្ញា កឹម មនោវិជ្ជា ជាបេក្ខភាពថ្មីជំនួសទៅ គ ជ ប រួចហើយ គ ជ ប ស្នើឈ្មោះនេះ ទៅ រដ្ឋសភា ដើម្បីឱ្យទទួលស្គាល់ជាអ្នកតំណាងរាស្ដ្រជំនួសលោកកែវ សម្បត្ដិ ។
មន្ដ្រីគណបក្សសង្គ្រោះជាតិបានឱ្យដឹងទៀតថា នៅពេលដែលសេនារិយោ ទី១នេះ បានសម្រេច ភ្លាមៗមិនបង្អង់យូរ កឹម សុខា មានបំណង ដណ្ដើមតំណែងប្រធានប្រតិបត្ដិខេត្ដសៀមរាប ដែលជាកូតារបស់លោកសម រង្ស៊ី ដោយ ដាក់ជំនួសដោយកូនស្រីរបស់លោក គឺកញ្ញា មនោវិជ្ជា រួចហើយលោកកឹម សុខានិងបញ្ចុះ បញ្ចូលលោកសមរង្ស៊ី ឱ្យចាត់តាំងលោកស្រី កែ សុវណ្ណរតន៍ទៅជា សមាជិក គ ជ ប នាពេល ខាងមុខ សេនារិយោទី៣ លោកកឹម សុខា និងស្នើសុំលោកសម រង្ស៊ី គាំទ្រកូនស្រី កញ្ញា កឹម មនោវិជ្ជា ឱ្យបញ្ចុះបញ្ចូល សមាជិក សភាគណបក្សប្រជាជន បោះឆ្នោតគាំទ្រ ឱ្យ ក្លាយទៅជាប្រធានគណៈកម្មការទី៨ នៅ រដ្ឋសភា ជំនួសតំណែងលោកស្រីកែ សុវណ្ណរតន៍ ។
ប្រភពព័ត៌មានពីមន្ដ្រីគណបក្សសង្គ្រោះ ជាតិ បានឱ្យដឹងទៀតថា ប្រសិនបើលោក កឹម សុខា ទទួលបានជោគជ័យនូវសេនារិយោខាងលើនេះ ក្រុមលោកកឹម សុខា និងបន្ដផ្លាស់ប្ដូរ តំណែងប្រធានប្រតិបត្ដិខេត្ដកំពង់ចាមជា បន្ដទៀត ដែលបច្ចុប្បន្នប្រធានប្រតិបត្ដិគណបក្សមកពីភាគីលោកសម រង្ស៊ី រួចហើយនិងឈានមកដល់ការរុះរើសមាសភាពដឹកនាំនៅភ្នំពេញតែម្ដង ព្រោះលោកកឹម សុខា ធ្លាប់បានប្រកាសឱ្យដឹងថា នៅឆ្នាំ២០១៨ លោកនឹងឈរជាបេក្ខភាពតំណាងរាស្ដ្រ គណបក្សសង្គ្រោះជាតិ លេខរៀងទី១ នៅភ្នំពេញ ។ ប៉ុន្ដែមិនដឹងថា ទទួលបានជោគជ័យដែរឬទេ ព្រោះលោកយឹម សុវណ្ណ ដែលជាប្រធាន ប្រតិបត្ដិទំនង ជាមិនឱ្យលោកកឹម សុខា ដើរខ្សែលើ ខណៈដែលលោកហូ វ៉ាន់ និងក្រុមសមាជិក របស់លោក មិនពេញ ចិត្ដទៅនឹងសេចក្ដីលោភលន់របស់លោកកឹម សុខា និងភាគីរបស់គាត់ ។
ជារួមមន្ដ្រីគណបក្សសង្គ្រោះជាតិ កូតាលោក សមរង្ស៊ី បានព្រមានលោកកឹម សុខា និង បក្ខពួករបស់គាត់រួចជាស្រេចហើយ ថាមិន អនុញ្ញាតឱ្យពួកគេកកូរកកាយស្រេចតែនឹង ចិត្ដនោះឡើយ ។
ទាក់ទងទៅនឹងតំណែងប្រធានប្រតិបត្ដិ នៅខេត្ដសៀមរាប ពួកគេប្ដេជ្ញាការពារលោកស្រីកែ សុវណ្ណរតន៍ នូវតួនាទីនេះ ដោយគេយល់ថា ទឹកដីសៀមរាប គឺជាទឹកដីកំណើតទី១របស់លោកសម រង្ស៊ី ក្នុងឆាក នយោបាយរបស់លោក ដែលក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ លោកសម រង្ស៊ីនៅពេលនោះ ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច ចាត់តាំងឱ្យ លោកជាអ្នកទទួលខុសត្រូវនៅខេត្ដសៀមរាប ហើយក៏ ជាសមាជិកសភា ប្រចាំខេត្ដសៀមរាបផងដែរ ។ ដូច្នេះលោកកឹម សុខា ហាក់បីដូចជាថ្លើមពាសមេឃ ហ៊ានប្រមាថ លោកសម រង្ស៊ី និងគណបក្សសមរង្ស៊ី ដោយហ៊ានលូកថ្លើមកាត់បេះដូង ។ ពួកគេ ក៏បាន ព្រមានដែរថា បើកឹម សុខានៅតែមានមហិច្ឆិតាល្មោភអំណាច គ្រួសារនិយម បក្ខពួកនិយម មិនស្កប់ ស្កល់ទេ ចង់លោកកឹម សុខា និងបក្ខពួករបស់គាត់ទៅណាទៅចុះ ពួកអតីតមន្ដ្រីរបស់គណបក្សសមរង្ស៊ី ឆ្អែតចិត្ដនិងហួសចិត្ដនឹកស្មានមិនដល់ នូវអំពើលោភលន់របស់កឹម សុខា ។
មន្ដ្រីគណបក្សសង្គ្រោះជាតិ ក៏បានឱ្យដឹង ផងដែរ លោកកឹម សុខា ក៏ទទួលសំណូកមិន តិចទេ ដែលបាន មកពីការតែងតាំងមន្ដ្រីនានា ឱ្យក្លាយជាទីប្រឹក្សារបស់គាត់ ក្នុងនាមអនុប្រធានទី១ រដ្ឋសភាលើកលែង តែលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត សាយ បូរី ដែលមិនហ៊ានទារសំណូក ហើយយកលោក បណ្ឌិតទាំងពីរមកធ្វើជាទីប្រឹក្សា ក្នុងបំណងបិទបាំងទង្វើអាក្រក់របស់លោក កឹម សុខា ផងដែរ ៕