ភ្នំពេញ៖ កម្លាំងនគរបាលស្រុកចំការលើ ខេត្តកំពង់ចាម បានឃាត់ខ្លួនស្រ្តីម្នាក់ទៀត ជាមេជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់នៅកម្ពុជា បន្ទាប់ពីបក្ខពួករបស់ស្រ្តីរូបនេះ ចំនួន ៣នាក់ត្រូវបានចាប់ខ្លួនកាលទី៨ ខែមីនា កន្លងទៅ នៅក្នុងបុរីមួយកន្លែង ក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ស្រ្តីជាជនសង្ស័យជួញដូរគ្រឿងញៀន ត្រូវបានឃាត់ខ្លួន ខណៈកំពុងហូបការនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម នាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមីនា នេះ។
យោងតាមមន្រ្តីនគរបាលស្រុកចំការលើ បានឲ្យដឹងថា ស្រ្តីជាប់សង្ស័យការជួញដូរថ្នាំញៀនេះ មានឈ្មោះ ម៉ ដា លីន អាយុ ៣០ឆ្នាំ។ ក្រោយការឃាត់ខ្លួន ស្រ្តីសង្ស័យត្រូវបានប្រគល់ឲ្យមន្រ្តីមន្ទីរនគរបាលមន្ទីរប្រឆាំងគ្រឿង ញៀន នៃក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដ៏ធំមួយស្ថិតនៅផ្ទះលេខ១២៣ ផ្លូវA15 ក្នុងបុរីមួយកន្លែងក្នុងភូមិបឹងស្នោ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនល្មើស ៣នាក់ និងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទម្ងន់ប្រមាណ១ គីឡូក្រាម៕