ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅរាជធានី ភ្នំពេញ ប្រមូលផ្តុំទៅដោយមន្ទីរយ៉ាងទំនើបៗ និងល្អប្រណីត ដោយសារតែមានការវិនិយោគ ពីសំណាក់បរទេស។
នៅក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត ក្រសួងសុខាភិបាលលើកទី៣៦ នៅ សណ្ឋាគារ «សូហ្វីតែលភូគីត្រាភ្នំពេញ» នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ សម្តេចតេជោ បានមានប្រសាសន៍ ថា ដោយសារតែមានការវិនិយោគពីបរទេស បានធ្វើឲ្យប្រទេសកម្ពុជាមានមន្ទីរពេទ្យធំៗ យ៉ាងទំនើបក្នុងប្រទេសរីក ស្គុះស្គាយ ។
សម្តេចក៏បានថ្លែងអំណរគុណ ចំពោះដៃគូសុខាភិបាល ដែលបានផ្តល់ផ្នែកបច្ចេកទេស រាប់ទាំងអាជ្ញាធរខេត្ត ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានផ្តល់កិច្ចសហការល្អ និងគាំទ្រ យ៉ាងសកម្មដល់ការអនុវត្តសកម្មភាពនានា នៃ វិស័យសុខាភិបាល នៅក្នុងឆ្នាំ២០១៤កន្លងមកនេះ ។
នាយករដ្ឋមន្តី្របន្ថែមថា សមិទ្ធិផលដែលបានមកនេះ គឺមិនអាចកាត់ផ្តាច់ ចេញពីការផ្តល់ជំនួយដ៏ថ្លៃថ្លា ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ពីសំណាក់ប្រទេសជាតិមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិព្រមទាំង វិស័យឯកជន ។
ព្រមជាមួយគ្នានេះដែរ សម្តេចបានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការបុគ្គលិក សុខាភិបាលទូទាំង ប្រទេស ដែលបានខិតខំយកចិត្តទុកដាក់ លើកកម្ពស់សេវាអប់រំសុខភាព ការពិនិត្យព្យាបាល និងថែទាំសុខភាពជូន ប្រជាជន នៅតាមមូលដ្ឋានទាំង នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងមន្ទីរបង្អែកទូទាំងប្រទេស ពិសេស ការចុះផ្តល់សេវាសុខភាពតាមមួលកដ្ឋានភូមិ-ឃុំ ៕