ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Ratanaka Realty ដែលជាសមាជិកថ្មី នៃក្រុមហ៊ុន Century 21 Cambodia បានបង្ហាញពី ទស្សនវិស័យថា នឹងពង្រីកខ្លួន ឱក្លាយជា ក្រុមហ៊ុនអចលនវត្ថុ ឈានមុខគេ នៅកម្ពុជា ។
Century 21 Ratanaka Realty គឺជាក្រុមហ៊ុនដំបូងគេ ដែលប្រើប្រាស់ស្តង់ដារ អន្តរជាតិ ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុននេះ កំពុងមានគោលដៅនាំមកនូវ ស្តង់ដារថ្មី ក្នុងការផ្តល់សេវាកម្ម ទិញ លក់ និងជួល អចលនទ្រព្យ ដល់អតិថិជន ។
ថ្លែងនៅក្នុងពិធីសម្ពោធក្រុមហ៊ុននេះ នៅស្ឋានគារអ៊ីនធើខនធីណិតថល កាលពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ លោកស្រី លឹម មករា នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Ratanaka Realty បានមានប្រសាសន៍ ថា ក្រុមហ៊ុន មានទស្សនវិស័យ ក្លាយជាអ្នកឈានមុខគេ ក្នុងវិស័យអចលនវត្ថុ និងដាក់គោលដៅរបស់ខ្លួន ដើម្បីបង្កើន ភាពវិជ្ជាជីវៈ និងសុចរិតភាព ក្នុងវិស័យទីផ្សារនេះ ។
លោកស្រីបានបន្ថែមថា ភ្នាក់ងារអចលនវត្ថុ ប្រកបដោយវិជ្ជាជីវៈ ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រទេស កំពុងអភិវឌ្ឍដូចជា ប្រទេសកម្ពុជា ហើយថា ក្រុមហ៊ុននឹងលើកទឹកចិត្ត ដល់អ្នកគក់ជេលក្ខណៈបុរាណទាំងអស់ ឱ្យក្លាយជាសមាជិក របស់ស្លាកសញ្ញាអន្តរជាតិ Century 21 ដោយនៅតែអាចរក្សានូវឯករាជ្យភាពរបស់ខ្លួន ។ ពួកគេអាចូលរួម ក្នុងកម្មវិធីភ្នាក់ងារអចលនវត្ថុ មានវិជ្ជាជីវៈ របស់ Century 21 Ratanaka Realty ដែលមាន ជាលើកដំបូងគេ ក្នុងប្រទេសកម្ពុជា ។
លោក Kevin Goos នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia បានថ្លែងថា Century 21 Cambodia បានក្លាយជាស្លាកសញ្ញាពាណិជ្ជកម្ម ដ៏ល្បីនៅសហរដ្ឋអាមេរិក ហើយពេលនេះ បានមកដល់ប្រទេសកម្ពុជា ហើយសាខា នឹង Century 21 Ratanaka Realty ចូលរួមចំណែកក្នុងការជំរុញឱ្យស្លាកសញ្ញាក្រុមហ៊ុន កាន់ល្បី ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុន Century 21 Ratanaka Realty ត្រូវបានបង្កើតឡើង នៅខែកក្កដា ឆ្នាំ២០១៤ ក្រោមកិច្ចព្រមព្រៀង ផ្តល់សិទ្ធិពាណិជ្ជកម្ម ដែលត្រូវបានចុះហត្ថលេខា ដោយក្រុមហ៊ុន Ratanaka Broker Group និង Century 21 Cambodia ។ Century 21 គឺជាស្លាកសញ្ញាពាណិជ្ជកម្ម ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ និង មានប្រភព ពីសហរដ្ឋអាមេរិក៕