ក្រចេះ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តក្រចេះ បានបើកយុទ្ធនាការដាំកូនឈើមួយនៅលើកោះទ្រុង ដើម្បីលើកកម្ពស់ ពិធីបុណ្យទន្លេ លើកទី១ នៅក្នុងប្រទេសកម្ពុជា។
យុទ្ធនាការនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។ គម្រោងដាំដើមឈើ សម្រាប់ឆ្នាំ២០១៥-២០១៦ខាងមុខនេះ នឹងពង្រីកលើ ទំហំដីមួយហិកតាទៀត លើកោះទ្រង់ លើផែនការដាំដើមឈើ ៥០០០ដើម កន្លងមក។
លោក ប៊ុន បាន ប្រធានសហគមន៍ ទេសចរណ៍កោះទ្រង់ បានប្រាប់ឲ្យដឹងថា ការដាំដើមឈើ នាពេលនេះ គឺជាឱកាសមួយជួយដល់បុណ្យទន្លេ ផ្សារភ្ជាប់ទៅនឹងការការពារ បរិស្ថាន និងអបអរសាទរបុណ្យទន្លេ លើកទិ១ នៅក្នុងស្រុកកំណើតផ្សោត។ លោកថា លើកនេះ អាជ្ញាធរខេត្ត មានគម្រោងដាំដើមឈើ ចំនួន៦០០ដើម ដែលប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត ចូលរួមចំនួន៧០០នាក់ ។
លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ការជម្រុញឲ្យមានការដាំ ដើមឈើ ឡើងវិញនាពេលនេះ គឺសំដៅការចូលរួមចំណែក អភិរក្សធនធានធម្មជាតិ ឡើងវិញក្រោមទិស្លោក ទេសចរណ៍ម្នាក់ ដើមឈើមួយដើម សិស្សម្នាក់ ដើមឈើមួយដើម និស្សិតម្នាក់ ដើមឈើមួយដើម និងគូរស្រករ១គូរដើមឈើ២ដើម ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែង ក្នុងពិធីដាំកូនឈើ នៅខេត្តក្រចេះ ព្រឹកមិញថា អាជ្ញាធរខេត្ត សហគមន៍ទេសចរណ៍ កោះទ្រង់ បានធ្វើឲ្យភូមិឃុំ សហគមន៍ នៅទីនេះមានការផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈការហូរចូល នៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានមកទស្សនាកំសាន្ត នៅក្នុង សហគមន៍ទេសចរណ៍យើងនេះ ដែលជាការហូរចូលនូវថវិកា ដល់សមាជិកសហគមន៍ទេសចរណ៍ប្រកបដោយសមធម៌ ទទួលផលប្រយោជន៍ ស្មើៗគ្នា ។ ទីនេះត្រូវបានបង្កើតឲ្យទៅជាសួនដើមឈើ ប្រកបដោយប៉ៃតង និងមាន គុណភាពខ្ពស់ រហូតទទួលបានវិញ្ញាបណ្ណបត្រសួនទេសចរណ៍ពីក្រសួងទេសចរណ៍៕