ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្តី្រ បានថ្លែងអំណរគុណ ដល់សមាសភាគីម៉ារុក AHMED TOUFIQ រដ្ឋមន្រ្តីក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនាប្រទេសម៉ារ៉ុក ដែលបានផ្តល់ការគាំទ្ររបស់ខ្លួនចំពោះកម្ពុជា ដែលបានស្នើចូលជាសមាជិកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តិការឥស្លាម OIC។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួប សម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយលោក AHMED TOUFIQ នៅឯទីស្តីការក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនាម៉ារ៉ុក កាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០១៥។
លោករដ្ឋមន្រ្តីប្រតិភូ បានស្នើឲ្យក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនាម៉ារ៉ុក ឲ្យជួយឧបត្ថម្ភ និងចែករំលែកបច្ចេកទេស បទពិសោធន៍ និង សកម្មភាពមនុស្សធម៌ នានាមកកាន់កម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលម៉ារ៉ុក ដែលបានគាំទ្រកម្ពុជា ក្នុងឱកាសដែល ពេលនេះកម្ពុជា កំពុងដាក់ស្នើសុំធ្វើជា សមាជិកសង្កេតការណ៍របស់អង្គការ សហប្រតិបត្តិការឥស្លាម OIC។
លោករដ្ឋមន្រ្តីក្រសួង គរុភ័ណ្ឌសាសនាម៉ារ៉ុក ក៏បានមានប្រសាសន៍ថា ម៉ារ៉ុកជាប្រទេសដែល មានអ្នកកាន់សាសនាឥស្លាម ប្រមាណ៩៨ភាគរយ ហើយប្រជាជន ប្រទេសនេះ ប្រើប្រាស់ភាសាប្រចាំថ្ងៃផ្លូវការចំនួន២ គឺភាសាអារ៉ាប់ជាភាសាជាតិ និង ភាសាបារាំងផងដែរ ចំណាកភាសាអង់គ្លេសជាភាសាទី៣។
ការឆ្លើយតបរបស់ លោករដ្ឋមន្រ្តីក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនារបស់ម៉ារ៉ុក ស្តីអំពីការងារបច្ចេកទេស បទពិសោធន៍ និង សកម្មភាពមនុស្សធម៌នានានោះ រដ្ឋមន្រ្តីប្រទេសម៉ារ៉ុក បានស្នើ លោក អូស្មាន ហាស្សាន់ រៀបចំបញ្ជូនបញ្ជីថ្នាក់ដឹកនាំ នៅក្នុងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដើម្បីរាជរដ្ឋាភិម៉ារ៉ុក ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំអញ្ជើញ ឲ្យមានការជួបជុំជាផ្លូវការ ជាពិសេសគឺការរៀបចំ ឲ្យបានចូលគាល់ព្រះមហាក្សត្រ Mohammed VI ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក ក្នុងពិធីជួបជុំក្រុមប្រឹក្សាជាន់ខ្ពស់ នៃសាសនាឥស្លាមមកពីគ្រប់ប្រទេស នាទិវាប្រារព្ឋពិធីស្រាយបួសខែរ៉ម៉ាឌន ដែលតែងតែ មានការៀបចំ ព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនង និងចែករំលែកបទពិសោធន៍ រវាងសមជាជិកគណៈដឹកនាំជាន់ខ្ពស់ នៃ សាសនាឥស្លាម ក្នុងបណ្តាប្រទេសនានា។
ក្រៅពីនេះ លោក អូស្មាន ហាស្សាន់ ក៏បានជម្រានជូនផងដែរ អំពីសភាពការណ៍ នៅក្នុងប្រទេសកម្ពុជា ថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស សុខសន្តិភាព សេរីភាព ពេញបរិបូរណ៍ ទាំងការគោរពប្រតិបត្តិសាសនាជាដើម ក្នុងនោះកម្ពុជា មានប្រជាជនជាង ១៥លាននាក់ ហើយមានសាសនាព្រះពុទ្ធ៩២ ភាគរយ សាសនាឥស្លាម ប្រមាណ៥ភាគរយ និង សាសនា នានា៣ភាគរយ៕