ភ្នំពេញ ៖ អភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្ដិយស គណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងក្រុមការងារ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ បាននាំយក អំណោយជាគ្រឿង ឧបភោគបរិភោគ ព្រមទាំង ថវិកាមួយចំនួន ចែកជូនដល់ ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ចំនួន៤២គ្រួសារ ស្ថិតនៅសង្កាត់ឃ្មួញ ។
មន្ដ្រីសាលាខណ្ឌសែនសុខ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋ មួយគ្រួសារ ទទួលបាន អំណោយជាអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ មួយយួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងថវិកា ២ម៉ឺនរៀល ខណៈស្រ្កីម៉េមាយ និងជនចាស់ជរា ទទួលបាន៥ម៉ឺនរៀល ។
នៅចំពោះមុខ ប្រជាពលរដ្ឋទាំង៤២គ្រួសារ លោក លី សាវេត បានលើកឡើងពីការយកចិត្ដ ទុកដាក់គិតគូ របស់ ប្រធាន កាកបាទក្រហម សម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិតសម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌសែនសុខនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។
លោក លី សាវេត បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់ បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌនិងបន្ដខិត ខំជួយបងប្អូន តាមលទ្ធភាពដែលអាចធ្វើ ទៅបាន៕