ស្វាយរៀង ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ក្រុមការងារ លោក ហ៊ុន ម៉ាណែត បាននាំយកនូវ កុំព្យូទ័យួរ ដៃ០២គ្រឿង ព្រីនធ័រ០១គ្រឿង ផ្ទាំងប្រើពន្លឺព្រះអាទិត្យ ចំនួន០១ និងម៉ាស៊ីន បូមទឹក០១គ្រឿង ដែលជា អំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាថ្លុកព្រីង ស្ថិតនៅ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង សម្រាប់បម្រើឲ្យ ការបង្រៀន និងការរៀនសូត្រ នៅក្នុងសាលាបឋមសិក្សានេះ។
នៅក្នុងឱកាសប្រគល់ ទទួលសម្ភារៈខាងលើ គណៈកម្មាការ ទ្រទ្រង់សាលា និងលោកនាយកសាលាជំនួស មុខឱ្យមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក ហ៊ុន ម៉ាណែត ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវ សម្ភារៈទាំងនេះ ដើម្បីបំរើដល់សម្រាប់បម្រើឲ្យ ការបង្រៀន និងការរៀនសូត្រឱ្យ មានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធិភាព នៅក្នុងសាលាបឋមសិក្សានេះ។
ជាមួយនឹងការថ្លែង អំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតក៏ដូចជា ដើម្បីឆ្លើយតបទៅនឹង គុណបំណាច់ដ៏ធំធេង របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្នុងដំណើរកំណែទំរង់វិស័យអប់រំ នៅកម្ពុជាក្នុង នាមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់នៃសាលាបឋមសិក្សាថ្លុក ព្រីងប្តេជ្ញាគាំទ្រ និងចូលរួមក្នុងដំណើរ កំណែទំរង់វិស័យអប់រំនេះ ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានគុណភាពសំដៅ អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស។
គួររំលឹកផងដែរថា នៅក្នុងពិធីសម្ពោទដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការឧុបដ្ឋានសាលានិង សមិទ្ធិផលនានា នៅអង្គស្វាយធំ ស្ថិតនៅ ឃុំ ពពែត ស្រុកស្វាយទៀប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រកាសផ្តល់ជូន កុំព្យូទ័យួរដៃ០២គ្រឿង ព្រីនធ័រ០១គ្រឿង ផ្ទាំងប្រើពន្លឺ ព្រះអាទិត្យ ចំនួន០១ និងម៉ាស៊ីន បូមទឹក០១គ្រឿង ដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សានេះ៕