ភ្នំពេញ៖ ប្រហែលជាពិបាកនឹងជឿ ប៉ុន្តែពិតជាមានលក់ហើយនៅប្រទេសខ្មែរ គឺតែមាស ដែលមាន ម៉ាក “1837 TWG TEA—669 GOLD YIN ZHEN” ១គីឡូក្រាម លក់តម្លៃ ១៦,០០០$ ឬ បើចង់សាកមួយចឹប តែលាយទឹក១ប៉ាន់ស្មើ ៨១$។ ក្រៅពីតែ ដែលមានតម្លៃថ្លៃជាងមាស ក៏នៅមានសម្លៀកបំពាក់ថ្លៃៗ រួមទាំងអាវបុរស មួយមានតម្លៃស្មើ៨០០$។
បន្ទាប់ពីអ្នកការទូតប្រាប់ខ្ញុំ អំពីទីតាំង Shopping ថ្មីនៅភ្នំពេញ ដែលមានម៉ាកល្បីៗ សម្រាប់ត្រកូលអភិជន ឬអ្នកមាន ខ្ញុំក៏សាកល្បងទៅមើល រួចក៏មានឱកាស បានហិតក្លិនតែ ដ៏ថ្លៃនេះ ហើយក៏បានស្ទាបអង្អែលអាវដ៏មានតម្លៃនេះដែរ តែពុំទាន់បានសាក ក្រេបយករសជាតិ ឬពាក់នៅឡើយទេ។
ឆ្នាំ1837 គឺជាឆ្នាំដែលសិង្ហបុរី ក្លាយជាតំបន់ឆ្លងកាត់នៃការរកស៊ីតែ ដូច្នេះសិង្ហបុរីក៏ផលិតតែ ប្រភេទប្រណីតនេះឡើង សម្រាប់ត្រកូលអភិជន។ ព័ត៌មាននេះត្រូវបានលោក ពុយ គា អ្នកកាសែតក្យូដូ បង្ហោះនៅលើ Facebook Page របស់លោកនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ពុយ គា បាននិយាយថា តែថ្លៃនេះដាក់លក់នៅអគារវឍ្ឍនៈ ហៅអគាររូបនាគ ឬអគាររូបស្បែកជើង ក្បែរអគារខ្ពស់កាណាឌីយ៉ា៕