ប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥នេះ សមត្ថកិច្ចកាំកុងត្រូល ខេត្តប៉ៃលិន ដឹកនាំដោយ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា សហការជាមួយ លោក សុខ សាធីម ជាប្រធាន មន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងមន្ត្រីជំនាញ ជាច្រើននាក់ ចុះត្រួតពិនិត្យគុណភាព និងធ្វើការណែនាំ សុវត្ថិភាពផលិតផល ម្ហូបអាហារនៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្រុង-ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បានអោយដឹងថា ប្រតិបត្តិការនេះ គឺក្នុងបំណង ពង្រឹង និងទប់ស្កាត់ រាល់ការតាំងលក់ ទំនិញ ហួសកាលបរិច្ឆេទ និងអាហារខូចគុណភាព របស់ឈ្មួញទុច្ចរិត មួយចំនួនដែលរកស៊ី និងធ្វើការប្រកួតប្រជែង មិនត្រឹមត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពី លទ្ធផលប៉ះពាល់ សុខភាពដល់ខ្លួនឯង ឬអ្នកដទៃ។
លោកបានបន្តថា លទ្ធផលព្រឹកមិញនេះ សមត្ថកិច្ចយើង រឹបអូសបានទំនិញ ខូចគុណភាព ហួសរយៈពេលប្រើប្រាស់ រួមមានៈ ទឹកក្រូចក្មេង ម៉ាក ណាដូ និងCheerចំនួន១៤៤ដប Fanta 1.5 ចំនួន ២ដប ប៊ីចេង ម៉ាក Red Leaf ចំនួន ៨០កញ្ចប់ ស្មើរនិង៨.៧គីឡូក្រាម យកមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕