ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ អន្តរជាតិ ខាងការងារជប៉ុន ក្រោមគម្រោងពហុវិស័យ-ទ្វេភាគី ស្តីពីសុខភាព និងសុវត្ថិភាពការងារ បានរៀបចំ សិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីការកែលម្អលក្ខខណ្ឌការងារ នៅតាមការដ្ឋានសំណង់ខ្នាតតូច ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារ សែន ហាន ។
ពិធីនេះ មានការបានអញ្ជើញជាអធិបតីភាព លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ លោកវេជ្ជ. យី កន្និដ្ឋា អនុប្រធាននាយកដ្ឋានពេទ្យការងារ និងលោក រស់ សុដ្ឋា អ្នកសម្របសម្រួល គម្រោង សុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ ដែលមានអ្នកចូលរួមមកពីអ្នកធ្វើការ ក្នុងការដ្ឋានសំណង់ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង សរុបចំនួន ៣០ នាក់ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខាកាម ដែលទទួលបានការបណ្តុះបណ្តាល កម្មវិធី កែលម្អលក្ខខណ្ឌការងារ នៅក្នុងការដ្ឋានសំណង់ខ្នាតតូច កន្លងមក ចែករំលែកបទពិសោធន៍ នៃការអនុវត្តល្អក្នុង ការកែលម្អផ្នែកសុខភាព និងសុវត្ថិភាពការងារនៅការដ្ឋានសំណង់។
លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានគូសបញ្ជាក់ អំពីគោលបំណង នៃការរៀបចំ សិក្ខាសាលារយៈពេលមួយថ្ងៃនេះ គឺជំរុញឱ្យមានវប្បធម៌ នៃការបង្ការសុខភាព និងសុវត្ថិភាព និងគ្រោះថ្នាក់ នៅក្នុងការដ្ឋានសំណង់ខ្នាតតូច ។ លោកបានបន្តទៀតថា គ្រោះថ្នាក់ការងារនៅក្នុងការដ្ឋានសំណង់ភាគច្រើន បានកើតឡើងទៅលើ អ្នកធ្វើការនៅលើទីខ្ពស់ ការឆក់ចរន្តអគ្គីសនី និងគ្រឿងម៉ាស៊ីន ដែលគ្រោះថ្នាក់ទាំងនោះ មានកត្តាពីរជាចំបង គឺកន្លែងធ្វើការគ្មានសុវត្ថិភាព និងអាកប្បកិរិយាគ្មានសុវត្ថិភាពរបស់កម្មករនិយោជិត។
លោកថា ក្រសួងការងារ និងបណ្តុះវិជ្ជាជីវៈបាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាល ដល់គ្រូ បង្គោល និងសិក្ខាកាម ស្តីពី កម្មវិធីកែលម្អលក្ខខណ្ឌការងារនៅក្នុងសហគ្រាសខ្នាតតូច កម្មវិធីកែលម្អលក្ខខណ្ឌ ការងារសម្រាប់អ្នកប្រកបការងារតាមផ្ទះ កម្មវិធីកែលម្អលក្ខខណ្ឌការងារនៅក្នុងការដ្ឋានសំណង់ខ្នាតតូច និង កម្មវិធី កែលម្អលក្ខខណ្ឌការងារ និងអភិវឌ្ឍភូមិដ្ឋាន របស់អង្គការអន្តរជាតិការងារ ដែលជាឧបករណ៍ ដ៏មាន ប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកសុខភាព និងសុវត្ថិភាពការងារនៅ កន្លែងធ្វើការ ។
លោក រស់ សុដ្ឋា អ្នកសម្របសម្រួលគម្រោងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាង ការងារ បានលើកឡើងថា គ្រោះថ្នាក់ការងារមានការកើនឡើង នៅក្នុងវិស័យសំណង់ ជាពិសេស ការបាក់ស្រុត អគាររោងចក្រដែលកើតឡើងនៅខេត្តកំពង់ស្ពឺនាពេលកន្លងទៅនេះ ដែលទាមទារ ឱ្យមានការយកដាក់ខ្ពស់ ពីស្ថាប័ន អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ។ លោកបន្តទៀតថា អង្គការអន្តរជាតិ ខាងការងារ នឹងបន្តកិច្ច សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារ នៅប្រទេសកម្ពុជា៕