- ទោះបាន ឬមិនបានទទួលរង្វាន់ គ្រូឆ្នើមពិភពលោក អ្នកគ្រូ ផល្លា នៅតែប្តេជ្ញាបន្តឆន្ទៈ ផ្តល់ពន្លឺជីវិត ដល់កុមារ ពិការ និងគ-ថ្លង់ នៅកម្ពុជា
ភ្នំពេញ ៖ អ្នកគ្រូ នាង ផល្លា ដែលបានបូជាកម្លាំងកាយចិត្ត ពោរពេញដោយការប្តេជ្ញាចិត្តមុះមុត ផ្តល់នូវចំណេះដឹង សម្រាប់កុមារពិការ និង គ-ថ្លង់កម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយនោះ នឹងធ្វើដំណើរចាកចេញពី កម្ពុជានៅ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០១៥ស្អែកនេះ ដើម្បីទៅស្តាប់ការប្រកាសលទ្ធផលពានរង្វាន់គ្រូឆ្នើមពិភពលោក របស់ មូលនិធិ VARNKEY Foundation មានទឹកប្រាក់ប្រមាណ១លានដុល្លារ នាទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥។ ទោះបាន ទទួល ឬ មិនបានទទួលរង្វាន់គ្រូឆ្នើមពិភពលោកក្តី អ្នកគ្រូ ផល្លា នៅតែប្តេជ្ញាចិត្ត បន្តជួយផ្តល់ចំណេះដឹង ដល់កុមារ ពិការ និង គ-ថ្លង់ ក៏ដូចជាបណ្តុះបណ្តាលគ្រូបច្ចេកទេសរបស់កម្ពុជាផងដែរ ។
ទន្ទឹមនិងការប្រកាសលទ្ធផលផ្លូវការខិតជិតមកដល់នេះ ទំព័រហ្វេសប៊ុក VARKEY Foundation ក៏បានដាក់ បង្ហាញខ្សែវីឌីអូបេក្ខភាពគ្រូឆ្នើមទាំង ១០រូប រួមមានកម្ពុជាផងដែរ ឲ្យអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកបោះ ឆ្នោតបង្ហាញការគាំទ្រលើបេក្ខភាព ដែលចូលចិត្ត។
យោងតាមទំព័រហ្វេសប៊ុករបស់ VARKEY Foundation បានបញ្ជាក់ថា វីឌីអូ ដែលដាក់បង្ហាញ និង បើកឲ្យមាន ការបោះឆ្នោតនេះ គឺជាផ្នែកមួយក្នុងចំណោមលក្ខន្តិកៈជាច្រើនទៀត សម្រាប់បែកភាពទាំង ១០រូប ដណ្តើមយក ជ័យជម្នះ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥។
ក្នុងវីដេអូប្រកួតប្រជែងទាំង១០ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលជាគ្រូបង្រៀនបានបូជាកម្លាំងកាយចិត្តជា ច្រើនឆ្នាំ ដើម្បីបង្ហាត់បង្រៀនសិស្សពិការ និង គ-ថ្លង់ នៅមណ្ឌលគ្រួសារថ្មី ទទួលបានការបោះឆ្នោតបានច្រើន ជាងគេ។ គិតត្រឹមម៉ោង ៧ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលរៀបចំពីជីវិត ពិត និងសកម្មភាពបង្រៀនរបស់អ្នកគ្រូទទួលបានការបោះឆ្នោត ៣៣.៧៤៦ តាមពីក្រោយដោយលោកគ្រូ Aziz Royesh មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលមានអ្នកបោះឆ្នោតគាំទ្រ ២៦.០៤៥។
ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្រសកម្មពោរពេញដោយមនុស្សធម៌ ការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ក្នុងការផ្តល់ពន្លឺ ជីវិតដល់កុមារពិការគ-ថ្លង់ របស់អ្នកគ្រូ នាង ផល្លា សូមចុច Link (https://www.facebook.com/teacherpri ze/app_515720611858523)។ នៅក្នុងប្រអប់ខាងស្តាំ នៃវីឌីអូ លោកអ្នកវាយអ៊ីម៉ែលរបស់ខ្លួន ហើយចុចលើ ពាក្យថា «Vote» ជាការស្រេច។ លោកអ្នកអាចបោះឆ្នោតបានម្តង ក្នុងមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៥។
អ្នកគ្រូ ផល្លា បានបង្ហាញអារម្មណ៍មុនពេលចេញទៅក្រុងឌូប៉ៃថា អ្នកគ្រូកំពុងតែភ័យផង និង អរផង ហើយស្មុគស្មាញ ថែមទៀត។ អរ ក៏ព្រោះតែអ្នកគ្រូឃើញប្រជាពលរដ្ឋខ្មែរជាច្រើនអ្នកបានបង្ហាញការគាំទ្រ និងលើកទឹកចិត្ត ដល់អ្នកគ្រូ ជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក។ ភ័យ ក៏ព្រោះតែអ្នកគ្រូក្លាចមិនបានទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក នឹងត្រូវធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលខំគាំទ្រ អស់សង្ឃឹម អន់ចិត្ត ជាមួយបរាជ័យរបស់អ្នកគ្រូ។
អ្នកគ្រូ ដែលបានជួយឲ្យកុមារពិការ និងគ-ថ្លង់ រាប់រយនាក់ទទួលបានពន្លឺជីវិតថ្មី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ថា «អារម្មណ៍ពេលនេះ ខ្ញុំនិយាយមិនត្រូវ គឺថាស្មុគស្មាញ ភ័យផង អរផង។ ខ្ញុំមានអារម្មណ៍រំភើបរកអ្វីផ្ទឹមគ្មាន នៅពេលឃើញបងប្អូនខ្មែរយើងទាំងក្នុង និងក្រៅប្រទេស បាន បង្ហាញ ការគំាទ្រ និង លើកទឹកចិត្តខ្ញុំទាំងតាមទូរស័ព្ទ បណ្តាញសង្គម និងអ៊ីម៉ែល»។
អ្នកគ្រូ ផល្លា បានប្រកួតប្រជែងជាមួយបេក្ខភាពគ្រូឆ្នើមប្រមាណ ៥.០០០នាក់ មកពី ១២៧ប្រទេស ហើយជាប់ជា បន្តបន្ទាប់រហូតដល់ដំណាក់កាលចុងក្រោយ ពោលបានក្លាយជាបេក្ខភាពគ្រូឆ្នើមម្នាក់ ក្នុងចំណោមគ្រូឆ្នើម ១០នាក់ មកពី ៨ប្រទេស រួមមាន៖ កម្ពុជា អាហ្វហ្គានីស្ថាន ឥណ្ឌា ហៃទី កេនយ៉ា អាម៉េរិក អង់គ្លេស និង ម៉ាឡេស៊ី។ អ្នកគ្រូ ត្រូវបានគណៈកម្មការផ្តល់ពិន្ទុគ្រូឆ្នើមពិភពលោក ជាមួយការចាប់អារម្មណ៍ពីប្រវត្តិអ្នកគ្រូ ដែលជាអ្នកគ្រូដំបូងបំផុត បានពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលចំណេះដឹង និងការសិក្សាដូចក្មេង ដទៃទៀត ។
អ្នកគ្រូ ផល្លា បានឲ្យដឹងថា អ្នកគ្រូមិនបានដឹងពីលក្ខន្តិកៈ នៃការផ្តល់ពិន្ទុពីគណៈកម្មការនោះឡើយ។ អ្នកគ្រូបាន បញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ដែលអ្នកគ្រូបានជាប់ក្នុងបេក្ខភាពគ្រូឆ្នើម ៥០រូប អ្នកគ្រូត្រូវបានអ្នករៀបចំកម្មវិធី តម្រូវឲ្យឆ្លើយនឹងសំណួរជាច្រើនពាក់ព័ន្ធប្រវត្តិការបង្រៀន និងគោលបំណង នៃការបម្រើការងារជាគ្រូបង្រៀន កុមារ ពិការ និងគ-ថ្លង់ រួមជាមួយសំណួរផ្សេងៗជាច្រើនទៀត។ បើតាមអ្នកគ្រូ ផល្លា ចម្លើយតបតាមសំណួររបស់កម្មវិធីនោះ មានកម្រាស់ប្រមាណ ៥ទំព័រ។
លុះដល់វគ្គជម្រុះនៅសល់ត្រឹម ១០រូបចុងក្រោយ ក្រុមអ្នករៀបចំកម្មវិធី Global Teacher Prize បានចុះមកផ្តិតរូប ភាពពីសកម្មភាព នៃការបង្រៀន និងជួបសម្ភាសន៍ជាមួយអ្នកគ្រូ ផល្លា ដោយផ្ទាល់នៅក្នុងអង្គការគ្រួសារថ្មី នាសង្កាត់ ភ្នំពេញថ្មី រាជធានីភ្នំពេញ។ នេះបើតាមការពន្យល់ត្រួសពីអ្នកគ្រូ ផល្លា ជុំវិញការផ្តល់ពិន្ទុ នៃពានរង្វាន់ Global Teacher Prize ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រ ដែលគេនឹងប្រកាសនៅថ្ងៃទី១៥ ខែមីនា ចុងសប្តាហ៍ អ្នកគ្រូ ផល្លា ក៏មិនទាន់ដឹងថា គណៈកម្ម ការ ក៏ដូចជាអ្នករៀបចំកម្មវិធី នឹងត្រូវផ្តល់ពិន្ទុ ឬវាយតម្លៃយ៉ាងណានោះដែរ។ តែអ្នកគ្រូ បានប៉ាន់ស្មាន ថា នឹងមាន ការចោទសួរ និងឆ្លើយដោយផ្ទាល់ ពាក់ព័ន្ធការបង្រៀន និងប្រវត្តិការងាររបស់អ្នកគ្រូនៅលើវេទិកានាទីក្រុងឌូប៉ៃ នា ថ្ងៃអាទិត្យ នេះ។
អ្នកគ្រូ ផល្លា បានបញ្ជាក់ថា អ្នកគ្រូបានត្រៀបចិត្ត ត្រៀមកាយ ស្មារតី និងលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីឆ្លើយ នឹងសំណួរ ក៏ដូចជាចម្ងល់ផ្សេងៗរបស់គណៈកម្មការ។ អ្វីដែលអ្នកគ្រូត្រៀមនោះ គឺជាបទពិសោធន៍ទាំង ភាពលំបាក ឧបសគ្គ និងបញ្ហាផ្សេងៗជាច្រើនទៀត ដែលអ្នគ្រូ បានជួបប្រទះ និង ហែលឆ្លងក្នុងនាមជាគ្រូបង្រៀនដល់កុមារពិការ និងគ-ថ្លង់ រយៈពេលជាង ២០ឆ្នាំមកនេះ។
អ្នកគ្រូ នាង ផល្លា បានបង្ហាញនូវឆន្ទៈ និងស្មារតីមុះមុតរបស់អ្នកគ្រូថា នឹងនៅតែបន្តបេសកកម្មរបស់គ្រូក្នុងការ ផ្តល់ ចំណេះដឹងដល់កុមារពិការ និង គ-ថ្លង់ ឲ្យពួកគេទទួលបាននូវពន្លឹជីវិតថ្មី ដូចកុមារទូទៅ ហើយអ្នកគ្រូ នឹងជួយបណ្តុះ បណ្តាលគ្រូបច្ចេកទេសបន្តទៅទៀតឲ្យជួយដល់កុមការពិការ និង គ-ថ្លង់ ទោះបីជាអ្នកគ្រូបានឈ្នះ ពានរង្វាន់គ្រូឆ្នើម ពិភពលោក ឬមិនបានទទួលក៏ដោយ។
អ្នកគ្រូ នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌បម្រើប្រយោជន៍សម្រាប់សង្គមជាតិ តាមរយៈការតស៊ូអត់ធ្មត់ជាមួយការតាំងចិត្ត និង ប្តេជ្ញាចិត្តដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារ និងគ ថ្លង់នោះ ទេ។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេសនៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលនឹងមានអ្នកចូលរួមរាប់ រយនាក់នោះ អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យមនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់ ហើយដឹងកាន់តែច្បាប់ ថា កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យពិការភាព ដែលជាឧបសគ្គមួយក្នុងការអភិវឌ្ឍសង្គមជាតិ។
អ្នកគ្រូ ផល្លា បានចាប់ផ្តើមធ្វើការ និងបង្រៀនក្មេង គ ថ្លង់ តាំងពីឆ្នាំ១៩៨៦ ជានាយកសាលារបស់អង្គការ សហប្រជា ជាតិ ក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩១ ចាប់ផ្តើមធ្វើ ការឲ្យអង្គការគ្រួសារថ្មី ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជាពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា។
អ្នកគ្រូបានបើកសាលាដំបូងសម្រាប់សិស្សគ ថ្លង់ ក្នុងប្រទេសកម្ពុជា និង បានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់ ដំបូង គេ។ នៅក្នុងអំឡុងពេលនោះប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះទេ។
អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា «ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលា ដ៏ លំបាក បំផុត ព្រោះមិនទាន់ការអប់រំដល់ពួកគេនៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា ខ្ញុំនៅតែបន្តការងារ នេះ»។
ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ ដែលមានច្រើនជាងធម្មជាតិ សម្រាប់ មនុស្ស គ ថ្លង់ ។
អ្នកគ្រូ មានគោលដៅ ក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និង ជំនឿទុកចិត្តរបស់អ្នកគ្រូ។ បន្ថែម នេះ អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀត ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង ភាសាបរទេស។
ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់ និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មី ចំនួន ៤ សាខា និង សាលានានា ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស ។
អ្នកគ្រូបានបញ្ជាក់ថា ប្រសិនបើអ្នកគ្រូជាប់ក្នុងការទទួលបានពាននោះ អ្នកគ្រូនឹងយកមូលនិធិនេះ សម្រាប់ ពង្រីក ការអប់រំដល់ក្មេង គ ថ្លង់ នៅអង្គការគ្រួសារថ្មី។ អ្នកគ្រូនឹងបណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀត មិនត្រឹមតែក្នុងខេត្ត ចំនួន ១១នោះទេ គឺទូទាំងប្រទេសតែម្តង។ ហើយអ្នកគ្រូនឹងទិញម៉ាស៊ីនព្រីនអក្សរគ ថ្លង់បន្ថែមទៀត ដែលជាជំនួយ ក្នុងការបង្រៀន និងទិញសៀវភៅ គ ថ្លង់ និងបង្កើតជាវចនានុក្រមភាសាគថ្លង់ផងដែរ។ លើសពីនេះ អ្នកគ្រូនឹងភ្ជាប់ ការទំនាក់ទំនង ជាមួយស្ថាបនិកសាលាក្រៅប្រទេស និងអង្គដៃគូបន្ថែមទៀត ដើម្បីគាំទ្រកម្មវិធីនេះ ៕