ភ្នំពេញ ៖ ដោយសារតែខ្វះការប្រុងប្រយ័ត្ន រថយន្តដឹកទំនិញធុនធំ ០១គ្រឿង បានបើកបុកម៉ូតូសេ១២៥ នៅត្រង់ ចំណុចផ្លូវបំបែក រវាងផ្លូវលេខ ២១៧ និងផ្លូវទំនប់៧មករា ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្សម្នាក់ ទទួលរងរបួសធ្ងន់ ។
សាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-3649 អ្នកបើកបរឈ្មោះ ពុំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ នៃវិទ្យាល័យទួល អំពិល មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បើកបរម៉ូតូចេញ ពីសាលារៀនសំដៅឆ្ពោះទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែក ការ៉េប្រាំបី (ផ្លូវ២១៧ និងផ្លូវ ទំនប់៧មករា) ក៏ស្រាប់តែឃើញ រថយន្តធុនធំ ប្រភេទកង់ ១៦ ម៉ាក UD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7577 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបររថយន្ត តាមបណ្តោយផ្លូវទំនប់ ៧មករា ទិសដៅពីកើតទៅលិច ដោយខ្វះ ការប្រុងប្រយ័ត្ន ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង អូសជាងប្រហែល ១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ម៉ូតូខូចខាតស្ទើរទាំងស្រុង ។
សាក្សីប្រាប់បន្តថា អ្នកបើកបររថយន្ត ដោយឃើញស្ថានភាពបែបនេះ បានបន្ថែម ល្បឿនជិះឆ្ពោះទៅទិសខាងលិច បានប្រហែលជាង ១គីឡូម៉ែត្រ ទើបឈប់បើកទ្វារថយន្ត ចុះរត់គេចខ្លួន ចូលទៅក្នុងទីលានចាក់សំរាមជើងឯក បាត់ ស្រមោល ដោយបន្សល់ទុករថយន្ត នៅលើទំនប់ផ្លូវទំនប់៧មករា ។
សាក្សីប្រាប់បន្តទៀតថា ជនរងគ្រោះក្រោយពីកើតហេតុ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ដោយសារចាំរថយន្តសាមុយយូរពេក ។ ដោយឡែកម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបាននគរបាល ចរាចរណ៍ខណ្ឌដង្កោ ចុះធ្វើការវាស់វែង និងនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើ ការដោះស្រាយទៅតាមផ្លូវច្បាប់ ៕