ភ្នំពេញៈ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ១ម៉ឺនដុល្លារ ដល់ក្រុមកីឡាករ ជម្រើសជាតិកម្ពុជា ក្រោយពីយកឈ្នះការប្រកួត ក្រុមជម្រើសជាតិ ម៉ាកាវ ហើយអាចឡើងទៅកាន់វគ្គបន្តទៀត ក្នុងជុំទី២ នៃព្រឹត្តការណ៍ វើលខាប ២០១៨ នៅប្រទេសរុស្ស៊ី។
ការប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិ របស់សហព័ន្ធបាល់ទាត់ជាតិកម្ពុជាបាន ធ្វើឡើងបន្ទាប់ពីក្រុមកីឡាករកម្ពុជា ប្រកួតជាមួយក្រុមកីឡាករម៉ាកាវ ដោយលទ្ធផលបច្ចេកទេស ១-១ ក្នុងទឹកដីម៉ាកាវ ខណៈដែលក្រុមកីឡាករកម្ពុជាបានបំបាក់ ក្រុមម៉ាកាវ ៣-០ ក្នុងទឹកដីរបស់ខ្លួន រួចមក ហើយនោះ។
យោងតាមមន្ត្រីដែលដឹកនាំក្រុមកីឡាករ ទៅប្រកួតនៅប្រទេសម៉ាកាវ បានបញ្ជាក់យ៉ាងដូច្នេះថា "សហព័ន្ធបានល់ទាត់កម្ពុជា ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន នោះ បានប្រកាសឧបត្ថម្ភថិវកា ១ម៉ឺនដុល្លារ ជាការលើកទឹកចិត្តដល់កីឡាកររបស់យើង" ។
មន្ត្រីដដែលនេះបានបញ្ជាក់ថា រយៈពេល ៩០នាទី ក្នុងការប្រកួតជាមួយក្រុមម៉ាកាវ កីឡាកររបស់យើង ពិតជាលេងបានល្អ និងមានឱកាសស៊ុតបញ្ជូលទីជាច្រើនគ្រាប់ រហូតធ្វើបានសម្រេច មួយគ្រាប់ ដោយ កីឡាករ ធារី ចន្ថាប៊ីន ប៉ុន្តែគួរឲ្យសោកស្តាយ ចូលដល់តង់ទី២ ដែលកីឡាករខ្សែការពាររបស់យើងម្នាក់ ធ្វើឲ្យមានកំហុស ជាហេតុធ្វើឲ្យក្រុមម៉ាកាវ អាចស៊ុតបាល់ប៉េណាំងទី តាមស្មើវិញនៅនាទីទី ៥៣៕