ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះ បានចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជាផ្លូវការ ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ ហើយ ក្នុងគ្រានោះ ក៏ឆ្លៀតឱកាស ចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារកងទ័ព និងបានចែកនូវសម្ភារៈមួយចំនួន ដល់ពួកគេជា កាដូ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សារិទ្ធ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥១ បានមានប្រសាសន៍ថា ពិធីសម្ពោធអគារថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួងសុខាភិ បាល និងក្រុមហ៊ុនសុខាអូតែលរីសត បានផ្តល់ជូនដល់អង្គភាពមួយនេះ សម្រាប់ងាយស្រួលបម្រើ ការគ្រប់បែប យ៉ាង ។
លោកឧត្តមសេនីយ៍ទោបានបន្តថា “អគារទីបញ្ជាការថ្មីនេះ មានទំហំ ៤០៨ ម៉ែត្រការ៉េ ដែលបានដំណើរការសាងសង់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ និងរួចជាស្ថាពរ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ចំណាយថវិកាអស់ចំនួន ៨២.៩៦៥ ដុល្លារ (អំណោយក្រសួងសុខាភិបាល) និងទិញសម្ភារៈ បំពាក់ការិយាល័យ អស់ថវិកាចំនួន ១៥៥២០ដុល្លារ (អំ ណោយក្រុមហ៊ុនសុខាអូតែលរីសត) ហើយសរុបជាង ១០ម៉ឺនដុល្លារ”។
លោកឧត្តមសេនីយ៍ទោ ឈឿន សារិទ្ធ បានបញ្ជាក់ថា ក្រៅពីការជួយសាងអគារ ក្រសួង និងក្រុមហ៊ុន ជានិច្ចកាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែងតែចុះជួប សំណេះសំណាល សួរសុខទុក្ខ និងពាំនាំយកអំណោយជាសម្ភារៈ ថវិកា ម្ហូបអាហារ ថ្នាំពេទ្យ ជូនដល់នាយទាហាន ពលទាហាន អង្គភាពកងពលតូចថ្មើរជើងលេខ ៥១ របស់លោកស្ទើរតែជារៀងរាល់ឆ្នាំ ។
មានប្រសាសន៍ និងសំណេះសំណាល ជាមួយកងទ័ព នៃកងពលតូចថ្មើរជើងលេខ ៥១នេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិ បាលបានលើកឡើងថា កងពលថ្មើរជើងលេខ ៥១នេះ គឺជាសម្ព័ន្ធមិត្តរបស់ក្រសួងសុខាភិបាល អស់រយៈពេលជិត ១០ឆ្នាំមកហើយ ដើម្បីសម្រួលការងារ ជួយដល់ប្រជាពលរដ្ឋហើយ មិនតែប៉ុណ្ណោះ អំណោយជាសម្ភារៈ គ្រឿងឧប ភោគ បរិភោកនេះ គឺជាកាដូ សម្រាប់ជូនដល់កងទ័ពទាំងអស់ ក្នុងឱកាសចូលឆ្នាំខ្មែរ ដើម្បីតបស្នងសងគុណដល់ពួកគាត់ ដែលបានខិតខំបម្រើជាតិមាតុភូមិ នាពេលកន្លងមកនោះ ៕