ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង ភរិយារបស់លោក លោកស្រី ជូឡុង សូមូរ៉ា នៅថ្ងៃនេះ បាន បង្ហាញនូវរូបភាពជាច្រើនសន្លឹក រំលេចចេញនូវកិច្ចសំណេះសំណាលមួយ ដ៏ផ្អែមល្អែម និង ស្នាលសិទ្ធិ នាំឲ្យក្រ សែភ្នែកប្រជាពលរដ្ឋខ្មែរពេញចិត្តពេញថ្លើមជាខ្លាំង។
ជំនួបបង្ហាញពីភាពស្នាលស្និទ្ធរវាងប្រមុខដឹកនាំបក្សកាន់អំណាច និង បក្សប្រឆាំង បានកើតមានឡើងក្នុងឱកាស ដែលពួកលោក ចូលរួមប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីអនុម័តលើច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ។
សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ជាមេចរចាពីររូបក្នុងការបិទបញ្ចប់វិបត្តិនយោបាយក្រោយការ បោះឆ្នោតជាតិអាណត្តិទី៥។ បន្ទាប់ពីកិច្ចចរចាវិបត្តិនយោបាយនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ជាបន្តបន្ទាប់ ប្រមុខដឹកនាំបក្សនយោបាយនៅកម្ពុជា ដែលមានការគាំទ្រច្រើនលើសលប់ទាំងពីររូបនេះ តែងបានបង្ហាញភាព ស្និទ្ធស្នាលនិងគ្នា ហើយក៏បានបង្កើតឲ្យមានវប្បធម៌សន្ទនាជាមួយគ្នា ដើម្បីបញ្ចប់បញ្ហាផ្សេងៗផងដែរ។
លោក សម រង្ស៊ី ថ្ងៃនេះ បានថ្លែងប្រាប់អ្នកព័ត៌មានថា លោកនៅតែរក្សាគោលជំហរ នៃវប្បធម៌សន្ទនាជាធំដោយ សន្តិភាព វប្បធម៌សន្ទនា វប្បធម៌សន្តិភាព គ្មានការគាបសង្កត់ គ្មានការគំរាមកំហែងចៀងវាងនូវអ្វីដែលក្តៅការ សន្ទនាជាវប្បធម៌ប្រជាធិបតេយ្យ មូលដ្ឋានសច្ចៈធម៌ និងវប្បធម៌វឌ្ឍនភាព សម្រាប់ប្រទេសមានការអភិវឌ្ឍន៍និង រីកចម្រើន។
ក្រសែភ្នែកសាធារណជនទូទៅជារឿយៗ រាល់រូបភាពស្នាលស្និទ្ធរវាងថ្នាក់ដឹកនាំបក្សកាន់អំណាច បក្សប្រឆាំង ឬ ជាមួយបក្សនយោបាយផ្សេងៗទៀត តែងតែបង្ហាញការពេញចិត្តពេញថ្លើមជាខ្លាំង ព្រោះសាធារណជន និង ពលរដ្ឋខ្មែរឲ្យតម្លៃខ្ពស់ទៅលើភាពជាមិត្ត និង ភាពមិនមែនជាសត្រូវ របស់អ្នកកាន់ចង្កូតប្រទេសជាតិ។ ពួកគេ ក៏ ជឿជាក់ថា ការជជែកសន្ទនាដោយភាពផ្អែមល្ហែម ពិតជាផ្តល់លទ្ធភាពខ្ពស់រកបាននូវដំណោះស្រាយផ្សេងៗ ដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជាតិ និង ប្រជាជន។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរ និង សាធារណមតិ ទូទៅពួកគេតែងតែព្រួយបារម្ភពេលឮសំឡេង នៃវិវាទរបស់អ្នកនយោបាយម្តងៗ ព្រោះគេក៏ដឹងច្បាស់ដែរថា មិន ដែលមានលទ្ធផលល្អណាមួយ កើតចេញពីការខឹងក្រោធឡើយ លទ្ធផលកើតចេញពីការខឹងក្រោធ ប្រហែលជា ផ្តល់ត្រឹមនូវការខាតបង់តែប៉ុណ្ណោះ បើមិនតិច ក៏ច្រើនដែរ៕