ត្បូងឃ្មុំ ៖ កម្លាំងអាវុធហត្ថខេត្ដត្បូងឃ្មុំ និងខេត្ដព្រៃវែង បានសម្រេចបាញ់រថយន្ដ ដឹកស្រូវមួយគ្រឿង ដើម្បីឱ្យ អ្នកបើករថយន្ដឈប់ ដោះស្រាយ ក្រោយពីបើកគេចពីកន្លែងថ្លឹងរថយន្ដនៅ ចំណុចគីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយផ្លូវ ជាតិលេខ១១ ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្ដត្បូងបានឱ្យដឹងថា ហេតុការណ៍បាញ់ ប្រហាររថយន្ដដឹកស្រូវ ធុនធំ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បង្កឱ្យមានការ ភ្ញាក់ផ្អើល ដែលការបាញ់ប្រហារនេះមកពី អ្នកបើករថយន្ដដឹកស្រូវ មិនបានចូលថ្លឹង ទម្ងន់នៅកន្លែងជញ្ជីងចល័ត ហើូយថែមទាំង បើកគៀរថយន្ដស៊ីរ៉ែន របស់មន្ដ្រីអាវុធហត្ថ ទៀតផង ។
ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ មានរថយន្ដយីឌុប ដឹកស្រូវមួយគ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ១១ លុះមកដល់ ត្រង់គីឡូម៉ែត្រលេខ៨៩ មានជញ្ជីងចល័ត មួយនៅទីនោះប៉ុន្ដែ អ្នកបើករថយន្ដ មិនចូលថ្លឹងនៅ ពេលដែល មន្ដ្រីនៅកន្លែងជញ្ជីងថ្លឹង បញ្ចាំងពិលឱ្យចូល ។
សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីមិន ចូលថ្លឹងទម្ងន់ អ្នកបើករថយន្ដបានបន្ដល្បឿន ហើយពេលនោះ កម្លាំង អាវុធហត្ថ ដែលនៅប្រចាំការនិងមន្ដ្រីជញ្ជីងថ្លឹង បានបើករថយន្ដដេញតាម តែអ្នកបើករថយន្ដដឹកស្រូវ មិនឱ្យវ៉ា រហូតដល់រង្វង់មូល ស្វាយអន្ទរ ខេត្ដព្រៃវែង ថែមទាំងគៀរថយន្ដស៊ីរ៉ែន របស់មន្ដ្រីអាវុធហត្ថផងនោះ ទើប អាវុធហត្ថ បានសម្រេចបាញ់គំរាមទៅលើរថយន្ដ រហូតអ្នកបើកសុខចិត្ដឈប់ ហើយប្រគល់ខ្លួន ដើម្បីដោះស្រាយ ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីឃាត់បានហើយ រថយន្ដយីឌុប ដឹកស្រូវខាងលើ ត្រូវបាន យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលនគរបាលស្រុកស្វាយអន្ទរ ចាត់ការបន្ដតាមផ្លូវច្បាប់ ។