Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេអាវុធហត្ថ ខេត្តត្បូងឃ្មុំថា កម្លាំងអាវុធហត្ថ ខេត្តព្រៃវែង ជាអ្នកដេញបង្ក្រាប និងចាប់អ្នក បើករថយន្ត ដឹកស្រូវវាយឡើងទ្រោមខ្លួន

$
0
0

-ក្រុមមន្រ្តីរួមគ្នា លួចដាក់កន្លែង ថ្លឹងជញ្ជីងចល័ត ខុសពីការសម្រេច របស់ក្រសួង

ត្បូងឃ្មុំ ៖ មេបញ្ជាការ អាវុធហត្ថ (អ.ហ) ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ចេញមក អះអាងថា ករណី ដេញ ចាប់ រថយន្តដឹកស្រូវ ចេញពីស្រុកអូរាំងឪ ដល់រង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនោះ គឺជាកម្លាំង អាវុធហត្ថ ខេត្តព្រៃវែង ដែលបានស្ទាក់ និងចាប់ អ្នកបើករថយន្ត ទាំង២នាក់មកវាយឡើងទ្រោមខ្លួន ពោលមិនមែន ជាកម្លាំងរបស់ លោកឡើយ។

លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ បានបញ្ជាក់ថា ករណីនេះបានកើតឡើង ដោយផ្តើម ចេញពីគ្រោះថ្នាក់ ចរាចរណ៍ មិនមែន មកពីការឲ្យ រថយន្តចូលទៅ កន្លែងថ្លឹង ជញ្ជីងនោះឡើយ ។

យ៉ាងណាក៏ដោយ សាច់ញាតិរបស់ អ្នកបើករថយន្ត បានអះអាងថា រឿងរ៉ាងខាងលើនេះ បានកើតឡើង ដោយផ្តើម ចេញពី ក្រុមជញ្ជីងថ្លឹងមួយកន្លែង ដោយកាង ដោយកម្លាំងអាវុធហត្ថ ខេត្តត្បូងឃុំ បានលួចដាក់ នៅចំណុចគីឡូម៉ែត្រ លេខ៨៩ តាម ផ្លូវជាតិលេខ១១ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានហៅ ឲ្យរថយន្តដឹកស្រូវចូលថ្លឹង ប៉ុន្តែអ្នកបើក រថយន្តមិនឈប់ ក៏នាំគ្នាបើករថយន្តចេញ រហូតទៅ ដល់រង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែង រហូតមានការ ផ្ទុះ អាវុធតែម្តង។

សម្រាប់ស្ថានភាពបែបនេះ មានការសាចទឹកដាក់គ្នា ខណៈមេបញ្ជាការ អាវុធហត្ថ ខេត្តត្បូងឃ្មុំ ចេញមក អះអាងថា ការបាញ់ប្រហារ ទៅលើរថយន្ត ដឹកស្រូវ និងចាប់វាយអ្នកបើករថយន្តមកវាយខ្នោះ និងវាយរហូតមានរបួស យ៉ាង ធ្ងន់ធ្ងរនោះ មិនមែនជាកម្លាំង របស់លោកឡើយ គឺជាកម្លាំង អាវុធហត្ថ ខេត្តព្រៃវែង ដែលខាងលោក សុំសហការ ជាមួយ ដើម្បីចេញពួនស្ទាក់ រថយនុ្តដឹកស្រូវ ។

ជាមួយគ្នានេះ មជ្ឈដ្ឋានមួយចំនួន ក៏បាន និងកំពុងរង់ចាំមើលថា តើនឹងមានដំណោះស្រាយ បែបណា សម្រាប់អ្នកបើក រថយន្ត ដឹកស្រូវ ហើយក៏ពួកគេក៏ចង់ឃើញថា ការដែលនាំឲ្យ មានរឿងផ្ទុះអាវុធនេះ កើតឡើង មកពីគ្រោះថ្នាក់ ចរាចរណ៍ដូច លោក វ៉ា សារិទ្ធ អះអាង ឫក៏ផ្តើមចេញពីការ លួចដាក់ កន្លែងថ្លឹងរថយន្ត ។

ពីព្រោះថា តាមរយះការសេចក្តីសម្រេចរបស់ ក្រសួង សាធារណការ និងដឹកជញ្ជូន បានចេញកាលពីអំឡុង ខែកុម្ភះថា ទីតាំងជញ្ជីងថ្លឹង មានតែ៩ទីតាំងប៉ុណ្ណោះ ដែលត្រូវបាន អនុញ្ញាតជាផ្លូវការ សម្រាប់ថ្លឹងរថយន្តដឹកទំនិញ ហើយកន្លែង ជញ្ជីងថ្លឹង ចល័តនៅចំណុច ខាងលើនេះ អត់មានបានបង្ហាញនៅក្នុងសេចក្តី ប្រកាសរបស់ក្រសួងនោះឡើយ។

យោងតាមរបាយការណ៍ របស់មន្រ្តីអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដែលផ្ញើទៅថ្នាក់លើ បានបញ្ជាក់ថា «ទិដ្ឋភាពជាក់ស្តែង កម្លាំង អ.ហ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលសហការ ជាមួយកម្លាំង នគរបាលចរាចរណ៍ ស្រុកអូរាំងឪ ក្នុងការដេញ ឃាត់ រថយន្តយីឌុបនេះ គឺដោយសារ ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែង កើតឡើង នៅ វេលាម៉ោង ១០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ក្រោយពីកម្លាំងយើងបានទទួលពាក្យ បណ្តឹងតាមទូរស័ព្ទពីឈ្មោះ មិន ចន្ថា (012202630) ជាប្រជាពលរដ្ឋ បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅចំណុច ភូមិស្វាយតាធម្ម ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បង្កឡើងដោយ រថយន្តយីឌុប ពាក់ស្លាកលេខ កំពង់ចាម 3A-3419 បានបុក រថយន្ត កាមរីពណ៌ស (គ្មានស្លាកលេខ) បណ្តាលអោយខូចខាត ផ្នែកខាងមុខ និងរបួស មនុស្ស២នាក់ ក្នុងនោះម្នាក់ របួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅរាជធានីភ្នំពេញ» ។

របាយការណ៍ ខាងលើនេះ បានបង្ហាញទៀតថា ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់ រហូតផុតដែនដី ខេត្តត្បូងឃ្មុំ ចូលទៅក្នុងទឹកដី ខេត្តព្រៃវែង ។

ចំពោះស្ថានការណ៍នេះ កម្លាំង អ.ហ ស្រុកសហការជាមួយ នគរបាលស្រុក បានទូរស័ព្ទសុំការហការ ជាមួយកម្លាំង នគរបាល និង អ.ហ ខេត្តព្រៃវែង ទើបឃាត់ទាំងរថយន្ត និងជនបង្កបាននៅលើផ្លូវជាតិលេខ៨ ចំណុច ភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង វេលាម៉ោង 23៖15នាទី ថ្ងៃដដែល ។

មុនពេលឃាត់បាន ជនបង្កបានបើក រថយន្តធុនយក្ស របស់ខ្លួនរត់គេច ក្នុងល្បឿនយ៉ាងលឿន ហើយថែមទាំងបំបុក រថយន្តស៊ីរ៉ែនរបស់ អ.ហ ខេត្តព្រៃវែងទៀតផង។

ដោយឡែក ករណីរថយន្តនេះ មានដឹកស្រូវ ឫយ៉ាងណានោះ មិនពាក់ព័ន្ធអង្គហេតុ នៃបទល្មើស ដែល កម្លាំង យើងធ្វើប្រតិបត្តិការទេ គឺពាក់ព័ន្ធតែករណី គ្រោះថ្នាក់ចរាចរណ៍ ដែលជនបង្កគេចវេស មិនទទួលខុសត្រូវ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ បើទោះបីមន្រ្តីអាវុធហត្ថខេត្តត្បូងឃ្មុំ បានចេញមកអះអាង យ៉ាងដូច្នេះក៏ដោយ ប៉ុន្តែសម្រាប់ សាច់ញាតិអ្នកបើករថយន្តដឹកស្រូវ បានចេញមកអះអាងផ្ទុយទៅវិញ។

 លោក ណេន សាន ដែលជាបងប្រុស បង្កើតរបស់ អ្នកបើករថយន្ដដឹកស្រូវ បាន និយាយថា ដំបូងឡើយប្អូនប្រុស របស់ខ្លួន ឈ្មោះណេន ដា អាយុ៣០ឆ្នាំ និងម្នាក់ទៀត ឈ្មោះធឿន ណើប អាយុជាង២០ឆ្នាំ បាន បើករថយន្ដដឹកស្រូវ ប្រភេទភ្លៅ៥ចេញពី ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ឆ្ពោះទៅព្រំ ដែនវៀតណាម ។

លុះពេលធ្វើដំណើរដល់ ចំណុចគីឡូម៉ែត្រលេខ៨៩ លើផ្លូវជាតិលេខ ១១ ស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ស្រាប់តែ ជួបជញ្ជីងថ្លឹងចល័តមួយកន្លែង ពេលនោះ មន្ដ្រីនៅកន្លែងជញ្ជីង បានចាំងពិលឱ្យចូល ថ្លឹង ប៉ុន្ដែប្អូនប្រុសរបស់ខ្លួន មិនព្រមឈប់ ព្រោះគិតថា ពីមុនមក មិនដែលមានជញ្ជីង ថ្លឹងចល័តនៅទីនេះឡើយ ។

លោក ណេន សាន បានបន្ដទៀតថា ដោយសារតែមិនព្រមឈប់ រថយន្ដចូលថ្លឹង ហើយបន្ដធ្វើដំណើរទៅមុខ ស្រាប់តែក្រុម មន្ដ្រីអាវុធហត្ថមួយក្រុម ដែលឈរជើងនៅ កន្លែងជញ្ជីងថ្លឹងនោះ ដេញតាមដោយមាន រថយន្ដស៊ីរ៉ែន ធុនតូច រហូតដល់រង្វង់មូល ស្វាយអន្ទរ ស្រុកស្វាយអន្ទរ រួចក៏បានបើក ការបាញ់ប្រហារជាង១០គ្រាប់ បណ្ដាលឱ្យ បែកកញ្ចក់និងរងការខូចខាត ។

បុរសរូបនេះ បានបន្ដទៀតថា ក្រោយពី បើកការបាញ់ប្រហាររួច ក្រុមអាវុធហត្ថនិង មន្ដ្រីកន្លែងជញ្ជីងថ្លឹង បានចាប់ អ្នកបើក រថយន្ដទាំងពីរចងដៃចងជើងនិងវាយខ្នោះ ព្រមទាំងវាយរងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឱ្យ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះ ។

កាលពីអំឡុង ខេត្តកុម្ភះ ឆ្នាំ២០១៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ថានីយថ្លឹង អចិន្រ្តៃយ៍ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងតម្រូវអាជីវករ ចូលថ្លឹង នាពេលបច្ចុប្បន្ន មានចំនួន ៩ទីតាំងរួមមាន៖ ស្ថានីយថ្លឹងកូនដំរី ឃ្លាំងមឿង លង្វែក (ស្ថិត តាមផ្លូវ ជាតិលេខ៥) ស្ថានីយថ្លឹងពួក (ផ្លូវជាតិលេខ៦) ស្ថានីយថ្លឹងព្រែកឯង កំពង់ភ្នំបាវិត (ផ្លូវជាតិលេខ១) និងស្ថានីយថ្លឹងថ្នល់ទទឹង ស្ថិតនៅផ្លូវជាតិលេខ៧៕

ទិដ្ឋភាព ដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះបង្ក្រាប រថយន្តដឹកស្រូវ

អ្នករងគ្រោះដែលអាវុធហត្ថអះអាងថា រងរបួសពេលរថយន្តធុនធំនបើកបុក


Viewing all articles
Browse latest Browse all 8042

Trending Articles