ភ្នំពេញ ៖ អាគារសំណង់ខុនដូរ ដ៏ខ្ពស់ នៅក្បែរពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលធ្លាប់ធ្លាក់ ជម្រឹងដែកទៅលើ ស្ត្រីម្នាក់ ចំក្បាល ធ្លាយខួរហើយបានស្លាប់ នោះឥឡូវ បានធ្លាក់ជម្រឹងដែក ត្រូវក្បាលលើកម្មករសំណង់ម្នាក់ កាលពីវេលាម៉ោង ជាង៧ព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត កែង១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនរងគ្រោះ ត្រូវបាន កម្មករសំណង់ ជាច្រើនជួយសង្រ្គោះ ដោយការបញ្ជូន ទៅកាន់មន្ទីពហុព្យាបាល និងសម្ភព វិបុលសុខ ក្បែរនោះ ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានប្រាប់អោយ ដឹងថា នៅម៉ោងកើតហេតុ គេបានឃើញកម្មករ ជាច្រើននាក់ ដឹកបុរសម្នាក់ ចេញពីអាគារ សំណង់ដ៏ខ្ពស់ ដែលបាន និងកំពុងសាងសង់ នៅក្បែរពហុកីឡដ្ឋានជាតិ អូរឡាំពិក ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕