ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ និងកម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ នៅម៉ោង២ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ នេះ បានធ្វើការឃាត់ខ្លួន មុខសញ្ញាមេខ្លោង ជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងភូមិសាស្រ្ត ព្រំប្រទល់ខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ខេត្តកណ្តាល។
អធិការរង នគរបាល ខណ្ឌច្បារអំពៅ លោក ម៉ៅ សៀត បានឲ្យដឹងថា ជនសង្ស័យ សួន រីណា ហៅ អាធ្មេញ ត្រូវបានឃាត់ខ្លួន នៅក្នុងសង្កាត់ក្បាលកោះ ត្រង់ព្រំប្រទល់រវាងខណ្ឌច្បារអំពៅ និង ស្រុកកៀនស្វាយ ដោយការសហការគ្នា រវាងកម្លាំងនគរបាល នៃការិយាល័យប្រឆំាង ការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌច្បារអំពៅ។
ជនសង្ស័យ សួន រីណា ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកត្របែក ខេត្តព្រៃវែង ត្រូវបានលោក ចៅក្រម ឆែ រីរៈ សម្រេចឲ្យចាប់ខ្លួន ក្រោមបទចោទ ប្រកាន់ពីបទ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅ ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៣។ ជនសង្ស័យត្រូវចោទប្រកាន់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕