ភ្នំពេញ៖ ពលការិនី ធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ចំនួន៧នាក់បានត្អូញត្អែរ និងបានដាក់ពាក្យបណ្តឹង ឲ្យជួយអន្តរាគមរឿងពួកគេ មិនទទួល បានប្រាក់ខែ ដែលធ្វើការនៅប្រទេសម៉ាឡេស៊ីពីរឆ្នាំ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានថ្លែងឲ្យដឹងពួកគេ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រយៈពេលពីរឆ្នាំមកហើយ ហើយ បានត្រលប់មកវិញថ្មីៗមកនេះ ដោយពុំទទួលបានប្រាក់ខែទេ។
លោកថាពួកគេមកពីខេត្តកំពង់ឆ្នាំង កណ្តាល និងខេត្តកំពង់ចាម ជាដើមបានមកដាក់ពាក្យបណ្តឹង នៅសហជីពរបស់លោក ឲ្យជួយអន្តរាគមពីអ្វី ដែលពួកគេ ទៅធ្វើការតាមសេវាក្រុមហ៊ុន Mey Yorn Services។
លោកថា ក្នុងម្នាក់ៗត្រូវទទួលបានប្រាក់ខែជាង ៣០០០ដុល្លារ សម្រាប់រយៈពេលពីរឆ្នាំ ដែលពួកគេធ្វើការជាស្រ្តីមេផ្ទះ នៅប្រទេសម៉ាឡេស៊ី។
ពលការិនីមួយរូបឈ្មោះ ឈូក ឡន និយាយថា រូបគេមិនទទទួលបានប្រាក់ខែនោះទេ ពេលត្រឡប់មកស្រុកវិញ។ រូបគេបានបញ្ចប់កិច្ចសន្យា ធ្វើការ នៅប្រទេសម៉ាឡេស៊ី តែត្រឡប់មកវិញ គ្មានប្រាក់ខែ ឲ្យមកគ្រួសារនៅស្រុកកំណើត។
យ៉ាងណាក៏ដោយ ក៏ភាគីក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុននឹងប្រគល់ជូន ប្រាក់ខែពួកគេពេញលេញ បន្ទាប់ពីថ្ងៃបុណ្យណូអែល ដោយសារ ក្រុមហ៊ុនទើបតែទទួលក្រដាសសែក ៕