បាត់ដំបង៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរជំនាញ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីមាន ១២ជំពូក និងមាន៩២មាត្រា នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកស្រី មិន មានណាវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលរងខេត្ត។ ពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវត្តមានអញ្ជើញចូលរួម ពីអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រធាន អនុប្រធានមន្ទីរនានា កងកម្លាំងយោធា អាវុធហត្ថ នគរបាល មន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សរុបប្រមាណជិត៥០០នាក់។
បន្ទាប់ពីសុន្ទរកថា ស្វាគមន៍របស់លោក ងួន រតនៈ អភិបាលរងខេត្ត តំណាងឲ្យលោក ច័ន្ទ សុផល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សុវត្ថិភាព ចរាចរណ៍ខេត្តបាត់ដំបង ដោយបានបញ្ជាក់ ពីលទ្ធផលការងារ របស់លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានអនុវត្តក្នុងឆ្នាំ២០១៤កន្លងមក គឺបានចុះអប់រំ នៅតាមបណ្តាស្រុកក្រុងក្នុងខេត្ត តាមរយៈការចុះផ្សព្វផ្សាយផ្ទាល់ តាមវិទ្យុ ទូរទស្សន៍ តាមការចែកចាយសៀវភៅ ខិតប័ណ្ណ រូបភាពដែលទាក់ទង និងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានកិច្ចសហការគ្នាដូចជា មន្ទីរជំនាញ នគរបាលចរាចរណ៍ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។
លោកស្រី មិន មានណាវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយច្បាប់នេះថា លោកស្រីសូមថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នាអនុវត្តច្បាប់ចរាចរណ៍ កន្លងមក បានល្អប្រសើរ។
លោកស្រី មិន មានណាវី បានបញ្ជាក់ថា នៅក្នុងច្បាប់ថ្មីនេះ គឺបានកែប្រែមាត្រានៃច្បាប់ចរាចរណ៍មួយចំនួន ក្នុងគោលបំណងពង្រឹងច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋ យើងនាំគ្នា គោរពច្បាប់ចរាចរណ៍ ឲ្យបានច្រើនជាងមុន ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតទៅលើការគ្រោះថ្នាក់ចរាចរណ៍ជាចំបង ដោយសារតែនៅកម្ពុជា យើងមានគ្រោះថ្នាក់ចរាចររាល់ថ្ងៃ ច្រើនឡើងៗគួរឲ្យបារម្ភ ដោយសារកត្តា៣ គឺកត្តាមនុស្សជាចំបង កត្តាយានយន្ត និងកត្តាផ្លូវថ្នល់។
ដូច្នេះថ្នាក់ដឹកកំពូល ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពក្រសួងជំនាញ ក៏ដូចជាអន្តរក្រសួងបានគិតគូរនិងយល់ថា ត្រូវពង្រឹងច្បាប់ថ្មីនេះ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរ និងចាប់បង្ខំឲ្យប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់យានយន្ត មានការប្រុងប្រយ័ត្នខ្ពស់ ដោយបានកំណត់ដូចជា អ្នកបើកបររថយន្ត គ្រប់ប្រភេទ ត្រូវគោរពច្បាប់ មានឯកសារគ្រប់គ្រាន់ និងអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា ទាំងអ្នកជិះមុខនិងអ្នកក្រោយ ព្រមទាំងមានការផាក ពិន័យ ទៅលើជនណា ដែលមិនគោរពច្បាប់ចរាចរណ៍ ដោយផាកពិន័យគុណនិង៥ដង ប្រៀបជាមួយច្បាប់ចរាចរណ៍ចាស់ ការផាកពិន័យមានចំនួនច្រើននេះ គឺមិនមែន ដើម្បីចង់បានលុយ ពីការផាកពិន័យនោះទេ គឺធ្វើយ៉ាងនេះដើម្បីចាប់បង្ខំ ឲ្យអ្នកប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះ និងដើម្បីកាត់បន្ថយ អត្រាស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរ ឲ្យនៅកម្រិតទាបបំផុត។
បន្ទាប់មកមន្រ្តីជំនាញ មកពីក្រសួងបានឡើងធ្វើការបង្ហាញ ដល់អង្គពិធីពីផលប៉ះពាល់ អ្នកបើកបរយានយន្ត និងមូលហេតុនៃគ្រោះថ្នាក់ចរាចរ និងបានពន្យល់ពីការ កាត់បន្ថយ កុំឲ្យមានគ្រោះថ្នាក់ចរាចរ កាន់តែច្រើនឡើងៗដូចមុនទៀត។
នៅក្នុងពិធីនោះដែរ គណៈអធិបតី ក៏បានធ្វើបូកសរុប នៃពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយបានសម្តែងនូវការសហការគ្នា ដើម្បីទប់ស្កាត់ អត្រាស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរ និងបានធ្វើការណែនាំ ដល់អង្គពីធីទាំងមូល នាំគ្នាគោរពច្បាប់ទាំងអស់គ្នាពីថ្ងៃនេះតទៅ៕