ភ្នំពេញៈ កម្លាំងនគរបាលល្បាត របស់ប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ បានធ្វើការដេញចាប់ និងឃាត់ខ្លួន ជនសង្ស័យបាន ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ផ្សេងទៀត ក្រោយពីពួកគេបានធ្វើសកម្មភាព គៀប និងវាយប្លន់ យកទ្រព្យសម្បត្តិ រួមមានទូរស័ព្ទ និងលុយកាកមួយចំនួន កាលពីវេលាម៉ោង ៧ និង ៤០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចវត្តភ្នំបែបខាងជើង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌូដូនពេញ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើមានឈ្មោះ ទៀង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ ស្រេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកឡានក្រុមហ៊ុនទឹកសុទ្ធ ស្នាក់នៅផ្ទះជួល លេង៦ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ សម្ភារៈដែលត្រូវបានបានបាត់បងរួមមាន លុយចំនួន១០០ដុល្លារ និងទូរស័ព្ទម៉ាក LG មួយគ្រឿង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកគុបតែម្នាក់ឯង ដើម្បីម រកបងប្អូន ហើយក៏ឈប់ម៉ូតូ រួចជនរងគ្រោះបានចូលទៅលេងនៅវត្តភ្នំពប៉ែបខាងជើង ។ ព្រភពដដែល បានបន្តថា ពេលនោះក៏មានជនសង្ស័យចំនួន៣នាក់ បានមកធ្វើសកម្មភាពចាប់គ្រៀកជនរងគ្រោះ ហើយលួកយកលុយ និងទូរស័ព្ទពីក្នុងកាបូបរបស់ជនរងគ្រោះ។ ក្រោយធ្វើសកម្មភាព បានសម្រេច ជនសង្ស័យបាននាំគ្នាគេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ក៏ត្រូវបានកម្លាំងល្បាត របស់ប៉ុស្តិ៍វត្តភ្នំនៅជិតនោះធ្វើការបង្ក្រាបដេញតាមចាប់បានម្នាក់ ចំណែក២នាក់ផ្សេងទៀតបានរត់រួច ដោយបានយកទាំងលុយ និងទូរស័ព្ទទៅជាមួយផង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍វត្តភ្នំ ដើម្បីធ្វើការសាកសួរបន្ត៕