ហ្សាការតា៖ បើតាមមន្រ្តីរបស់ប្រទេស ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃពុធថា ប្រទេសចំនួន១៧ នឹងមកចូលរួម ក្នុងសមយុទ្ធដែនសមុទ្រ នៅទីក្រុង យូគីយ៉ាកាតា ប្រទេស ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ ថ្ងៃទី០១ ខែមេសា។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក អេឌី ហ្វ័រណង់ឌី ប្រធានក្រុមប្រឹក្សាភិបាល សន្តិសុខដែនសមុទ្រ របស់ឥណ្ឌូនេស៊ីថា សមយុទ្ធលើកនេះគឺជាលើកទី៦ហើយ ដែលធ្វើឡើងក្នុង គោលបំណងរឹតបន្តឹង ការសម្របសម្រួល ក្នុងចំណោមប្រទេសដែលចូលរួមជាច្រើនទៀត ក្នុងការប្រយុទ្ធប្រឆំាងនឹងឧក្រិដ្ឋកម្ម នៅតាមដែនសមុទ្រក្នុងតំបន់។
លោកបន្តថា «ប្រទេសជាច្រើននឹងដាក់ការការពារចំពោះការរំលោភបំពាននៅសមុទ្រ ជាបញ្ហាអាទិភាព បន្ទាប់ពីជួប ប្រទះបញ្ហាជាច្រើនក្នុងចំណោមការរំលោភបំពាន ដែលបានកើតឡើងនៅ ក្នុងបូរណភាព ដែនទឹកសកលលោក»។
ក្នុងចំណោមប្រទេសដែលនឹងមកចូលរួមទំាងនោះរួមមាន ចិន, អូស្រ្តាលី, ជប៉ុន, ហ្វីលីពីន, ទីម័រ និងប្រទេស ជាច្រើនទៀត៕