-ស្នងការ ខេត្តកំពង់ចាម បញ្ជាឲ្យនគរបាល ដកខ្លួនជាបន្ទាន់ បើសិនបានចូលរួម ជាមួយក្រុមជញ្ជីង ថ្លឹងចល័តខុសច្បាប់នេះ
កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ ចុះបង្ក្រាបទីតាំងជញ្ជីងថ្លឹងចល័ត ដែលនៅបន្តលួចដាក់ នៅតាមដងផ្លូវសាធារណៈ នៅក្នុងទឹកដីខេត្តកំពង់ចាម។ នេះជាការអះអាង ពីសំណាក់ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍បែន រ័ត្ន នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានដកស្រងបទបញ្ជា របស់អភិបាលខេត្តយ៉ាងដូច្នេះថា " ខ្ញុំសូមដាក់បញ្ជា គ្រប់កំម្លាំង សមត្ថកិច្ចទាំងអស់ និងលោកអភិបាលស្រុក ជាប្រធានគណៈបញ្ជាការ ឯកភាពត្រូវសហការគ្នា ចាប់ឃាត់ត្រួតពិនិត្យ រកច្បាប់ ឬលិខិតស្នាម បើគ្មានទេត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមផ្លូវច្បាប់ "។
អភិបាលខេត្តកំពង់ចាម បានចេញបញ្ជាទៀតថា " គ្រប់ស្រុកក្រុង និងកម្លាំងទាំងពីរ គឺអាវុធហត្ថ និងនគរបាល ត្រូវតាមដាន ជាប្រចាំ មិនត្រូវឲ្យក្រុមនេះដើរធ្វើសកម្មភាព ជាដាច់ខាត បើមានបញ្ហាអ្វីត្រូវរាយការណ៍ សុំបទបញ្ជាពីខ្ញុំជាបន្ទាន់"។
លោកឧត្តមសេនីយ៍បែន រ័ត្ន បានបញ្ជាក់ថា ស្ទើររាល់យប់តែងមានមនុស្សមួយក្រុម២ ទៅ៣នាក់បានដើរតួ ជាក្រុម ជញ្ជីងចល័ត នៅម្តុំផ្សារព្រែកទទឹង និងត្រពាំងបេង ដែលក្រុមនេះមិនមានឧបករណ៍ជញ្ជីង ឬលិខិតស្នាម មកបង្ហាញ អាជ្ញាធរឡើយ ជាទង្វើខុសពីការណែនាំ របស់ក្រសួងសាធារណៈការ ។ ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ លោកស្នងការ បានបញ្ជាមិនឲ្យនគរបាលចូលរួមជាមួយ ក្រុមទាំងនេះឡើយ ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា " លោកស្នងការរង លោកប្រធានការិយាល័យចរាចរ ផ្លូវគោក លោកអធិការ តាមស្រុកក្រុងទាំងអស់ ត្រូវដកកម្លាំងនគរបាល ដែលបាននឹងកំពុងធ្វើសកម្មភាព ជាមួយក្រុមជញ្ជីងទាំងអស់ ត្រឡប់មកកាន់ អង្គភាពវិញ រហូតមានបញ្ជាថ្មី ទើបអនុញ្ញាត ហើយមិនអនុញ្ញតឲ្យលោកអធិការ ចាត់តាំងកម្លាំង ចេញទៅ ធ្វើសកម្មភាពនេះ ដោយគ្មានការអនុញ្ញាត ជាផ្លូវការពីស្នងការឡើយ"។
សូមបញ្ជាក់ក្រសួងសាធរណការ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យមានស្ថានីយ៍ជញ្ជីងថ្លឹង តែ៩ទីតាំងប៉ុណ្ណោះ នៅទូទាំងប្រទេស ខុសពីហ្នឹង គឺខុសច្បាប់៕